កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចចំណាយថវិកា ៥០ លានដុល្លារអាមេរិកតាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (RDAB) ដើម្បីគាំទ្រដល់វិស័យកសិកម្ម។ ក្នុងរង្វង់ទឹកប្រាក់ ៥០ លានដុល្លារនេះរដ្ឋាភិបាលផ្ដល់ជូនក្នុងទម្រង់ជាឥណទានដែលមានអត្រាការប្រាក់ទាបដើម្បីគំាទ្រដល់សិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មសម្រាប់ការដាំដុះបន្លែផ្លែឈើ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីជាដើម។
ជាមួយគ្នានេះដែរកសិករ និងម្ចាស់សហគ្រាសទាំងអស់អាចទទួលបានឥណទានដែលមានអត្រាការប្រាក់ទាប ៦%ប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ ៦.៥% ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង)។ ប៉ុន្តែត្រូវគោរពតាមការកំណត់របស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មរួមមានគម្រោងពង្រីកអាជីកម្មរួមចំណែកបង្កើតការងារ ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ ហើយត្រូវការជាចាំបាច់នូវឥណទានសម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល ឬ ទុនវិនិយោគ សម្រាប់ពង្រីកអាជីវកម្ម។
លើសពីនេះទៅទៀតឥណទានក្រោមកម្មវិធីពិសេសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូតដល់ ៨០% នៃតម្លៃទ្រព្យធានាបំណុលដែលជាអចលទ្រព្យ ហើយការទទួលយកទ្រព្យធានាបំណុលក៏មានភាពបត់បែនច្រើន ដោយទទួលយកឧបករណ៍-គ្រឿងម៉ាស៊ីន សន្និធិ លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេងៗ វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដីនិងអាគារ)ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងពេលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងខ្លាំង វិស័យកសិកម្មកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ស្បៀងអាហារដល់ប្រជាពលរដ្ឋ។ ហេតុដូច្នេះហើយ រាជរដ្ឋាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធនានា បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ដើម្បីធ្វើយ៉ាងណាឲ្យវិស័យកសិកម្មរីកចម្រើន អាចបំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់៕


អត្ថបទ៖ លីនី


