ធនាគារអភិវឌ្ឍអាស៊ី (ADB) បានយល់ព្រមផ្ដល់ប្រាក់កម្ចីចំនួន ១.៥ ពាន់លានដុល្លារដើម្បីជួយដល់រដ្ឋាភិបាលភីលីពីនសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ និងពង្រឹងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ បើតាមប្រសាសន៍របស់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ជំនួយនេះគឺជាប្រាក់កម្ចីដ៏ធំបំផុតរបស់ (ADB) ដល់ប្រទេសភីលីពីនដែលមិនធ្លាប់មានពីមុនមក ហើយបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជំនួយជាបន្ទាន់និងមានប្រសិទ្ធិភាព ដើម្បីជួយប្រទេសនេះកាត់បន្ថយផលប៉ះពាល់លើប្រជាជនជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះរួមទាំងស្ត្រីផងដែរ។
ប្រទេសភីលីពីនស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលអនុវត្តវិធានការណ៍រក្សាគម្លាតក្នុងសង្គមតាមរយៈការរឹតបន្តឹងសហគមន៍របស់ខ្លួន ដោយបានបិទសាលារៀន និងអាជីវកម្មឯកជនជាបណ្តោះអាសន្ន។ បន្ថែមពីនេះភិលីពីនក៏បានបិទព្រំដែននៅលើកោះ Luzon ទាំងមូលដែលក្នុងនោះរួមមានទីក្រុងម៉ានីលនៅថ្ងៃទី ១៦ មីនា។ យ៉ាងណាប្រាក់កម្ចីសម្រាប់គាំទ្រ និងឆ្លើយតបទៅវីរុសកូវីដ-១៩ របស់ (ADB) នេះ នឹងគាំទ្រវិធានការណ៍របស់រដ្ឋាភិបាលក្នុងការស្ដារសេដ្ឋកិច្ច បង្កើនថវិកាសម្រាប់ការគាំពារសង្គម ជំនួយសង្គ្រោះអាជីវកម្មខ្នាតតូច និងមានវិធានការណ៍សុខភាពកាន់តែទូលំទូលាយដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ-១៩នៅក្នុងប្រទេស។

គួរបញ្ជាក់ផងដែរថា ហិរញ្ញប្បទានថ្មីនេះ គឺជាផ្នែកមួយនៃជំនួយចំនួន ២០ ពាន់លានដុល្លាររបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានបន្ថែម សម្រាប់ការឆ្លើយតបនឹងវីរុសកូវីដ-១៩ របស់ប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវបានប្រកាសនៅថ្ងៃទី១៣ ខែមេសា។ ក្រៅពីថវិការថ្មីនេះ (ADB)ក៏បង្កើតនូវជំនួយឥតសំណងចំនួន ៥ លានដុល្លារដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៨ ខែមីនា ដើម្បីផ្តល់កញ្ចប់ស្បៀងដល់គ្រួសារងាយរងគ្រោះរហូតដល់ ១៤០,០០០ គ្រួសារនៅមេត្រូម៉ានីល និងតំបន់ជិតខាងដោយសហការជាមួយរដ្ឋាភិបាល និងវិស័យឯកជន៕

ប្រភព៖ adb
អត្ថបទ៖ លីនី


