វៀតណាម៖ ស្តុកប្រេងធំៗ ដែលលក់មិនចេញ និងការខ្វះខាតទីតាំងស្តុកប្រេងបានកំពុងរារាំងក្រុមហ៊ុនប្រេងដ៏ធំរបស់វៀតណាមពីការរកប្រាក់ចំណេញតាមរយៈការទិញប្រេងដែលកំពុងធ្លាក់ថ្លៃដល់បាត។ ក្រុមហ៊ុន Petrovietnam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះថាចាប់តាំងពីប្រទេសវៀតណាមមិនមានកន្លែងស្តុកប្រេងឆៅជាតិមក ប្រេងឆៅរបស់ក្រុមហ៊ុនត្រូវបានរក្សាទុកនៅក្នុងរោងចក្រចម្រាញ់ប្រេងចំនួនពីរនៅឯក្រុមហ៊ុន Dung Quat និង Nghi Son ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក ៨០%។
ហេតុដូចនេះហើយ ទោះបីជាតម្លៃប្រេងបានធ្លាក់ដល់កម្រិតទាបបំផុតដែលមិនធ្លាប់មានពីមុននៅក្នុងសប្ដាហ៍នេះក៏ដោយក្ដី ក៏ក្រុមហ៊ុនយក្សរបស់រដ្ឋមួយនេះបាននិយាយថា ទោះបីក្រុមហ៊ុនពិចារណាពីលទ្ធភាពនៃការទិញ និងស្តុកប្រេងក៏ដោយក៏វាមិនអាចទៅរួចដែរ។ ក្រុមហ៊ុនបានបន្តថា ការជួលរថយន្តដឹកប្រេងសម្រាប់ស្តុកទុកប្រេងឆៅមិនអាចធ្វើទៅបានទេដោយសារបញ្ហាថវិការបស់ក្រុមហ៊ុន។

យ៉ាងណាមិញនាយកប្រតិបត្តិជាន់ខ្ពស់នៅក្រុមហ៊ុនចែកចាយប្រេងនៅភាគខាងត្បូងដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ទោះបីការស្តុកទុកជាយុទ្ធសាស្រ្តជោគជ័យនាពេលកន្លងមកក៏ដោយក៏ស្ថានភាពរបស់វីរុស Covid-19 នាពេលនេះមានភាពខុសប្លែកគ្នាចាប់តាំងពីប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងហើយស្តុកប្រេងកាន់តែកើនឡើង។ ដោយឡែកលោក Nguyen Quang Dung អនុប្រធានក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈមួយទៀតឈ្មោះ Petrolimex ក៏បាននិយាយដែរថា ទំហុំស្តុកប្រេងភាគច្រើនត្រូវបានពេញអស់ហើយ ប៉ុន្តែក្រុមហ៊ុនមួយនេះមិនទាន់ប្រាកដថាគ្រោងនឹងទិញប្រេង ឬអត់នោះទេ។

ទោះបីជាយ៉ាងនេះក្ដី អ្នកជំនាញខ្លះបានអំពាវនាវឱ្យមានការស្តុកទុក ដោយលោក Tran Viet Ngai ប្រធានសមាគមថាមពលវៀតណាមបានឲ្យដឹងថា កង្វះកន្លែងផ្ទុកមិនគួរជាលេសដើម្បីមិននាំចូលប្រេងទេ។ ខណៈរោងចក្រថាមពលប្រើប្រាស់ប្រេង ២.៥ ទៅ ៣ លានតោនក្នុងមួយឆ្នាំហើយពួកគេមានអាងស្តុកប្រេងហើយប្រទេសវៀតណាមគួរតែចាប់យកឱកាសនេះដើម្បីទិញប្រេងនៅពេលដែលតម្លៃទាប៕

ប្រភព៖ vnexpress.net
អត្ថបទ៖ លីនី


