រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានស្នើដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ផ្តល់ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ចាប់ពីពេលនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
យោងតាមលិខិតចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា “ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ ធនាគារជាតិនៃកម្ពុជាស្នើសុំការយោគយល់ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិជន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់មួយកម្រិតទៀតក្នុងគ្រាលំបាកនេះ ដូចជា ការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជនរបស់ខ្លួនន ចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០”៕



