ប្រជាជនអាមេរិកជាង ២៦ លាននាក់បានបាត់បង់ការងារដោយសារវីរុសកូវីដ-១៩ ខណៈរដ្ឋនានាកំពុងចាប់ផ្ដើមបើកអាជីវកម្មជាបណ្ដើរៗ
សេដ្ឋកិច្ច April 24, 2020 Chan Sreyny

អាមេរិក៖ អ្នកបាត់បង់ការងារដោយសារវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ២៦.៤ លាននាក់ ខណៈដែលសភាកាលពីថ្ងៃព្រហស្បតិ៍បានត្រៀមអនុម័តលើវិធានការណ៍ជំរុញសេដ្ឋកិច្ចថ្មី ហើយអភិបាលក្រុងក្នុងរដ្ឋមួយចំនួនចាប់ផ្ដើមអាជីវកម្មជាបណ្តើរៗ។ យោងតាមទិន្នន័យដែលបានចេញផ្សាយដោយក្រសួងការងារបានបង្ហាញថាកម្មករអាមេរិកចំនួន ៤.៤ លានក់បានដាក់ពាក្យបណ្តឹងទាមទារសំណងថ្មី ដើម្បីទទួលបានអត្ថប្រយោជន៍បន្ទាប់ពីបាត់បងការងារកាលពីថ្ងៃទី១៨ ខែ មេសា កន្លងមកនេះដែលបញ្ជាក់ពីខូចខាតដែលបានកើតឡើងចំពោះសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

តួលេខនេះបង្ហាញពីការធ្លាក់ចុះពីប៉ុន្មានសប្តាហ៍ថ្មីៗនេះប៉ុន្តែចំនួនសរុបប្រចាំសប្តាហ៍ គឺខ្ពស់ជាងចំនួនដែលបានកត់ទុកក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកដែលចាប់ផ្តើមក្នុងឆ្នាំ ២០០៨ ដោយសារតែវិធានការទប់ស្កាត់មេរោគបានបង្ខំឱ្យអាជីវកម្មបិទនៅទូទាំងប្រទេស។ ជាក់ស្ដែងសភាតំណាងរាស្ត្រគ្រោងនឹងផ្តល់ការយល់ព្រមរបស់ខ្លួនចំពោះសេចក្តីព្រាងច្បាប់សកម្មចុងក្រោយដែលនឹងបន្ថែមទឹកប្រាក់ជិត ៥០០ ពាន់លានដុល្លារជាថវិកាសង្គ្រោះថ្មីៗសម្រាប់អាជីវកម្មខ្នាតតូចដែលត្រូវបានបំផ្លិចបំផ្លាញ និងមន្ទីរពេទ្យជាច្រើន។ ក្នុងនោះថវិកាចំនួន ៣២០ ដុល្លារនឹងផ្ដល់ដើម្បីជួយដល់អាជីវកម្មខ្នាតតូច រួមជាមួយ ៧៥ ពាន់លានដុល្លារសម្រាប់មន្ទីរពេទ្យ ២៥ ពាន់លានដុល្លារដើម្បីពង្រីកការធ្វើតេស្តរកមេរោគនិង ៦០ ពាន់លានដុល្លារជាប្រាក់កម្ចីនិងជំនួយសង្គ្រោះ។

យ៉ាងណាមិញការស្ទង់មតិរបស់ CBS News ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ជនជាតិអាមេរិកចំនួន ៦៣% មានការព្រួយបារម្ភអំពីការដកការរឹតត្បិតឆាប់ៗ និងបង្កើនការរីករាលដាលនៃជំងឺនេះជាជាងផលវិបាកចំពោះសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះមានតែ ១៣% ប៉ុណ្ណោះដែលនិយាយថាពួកគេនឹងត្រឡប់ទៅកន្លែងសាធារណៈវិញប្រសិនបើការរឹតបន្តឹងត្រូវបានដកចេញនាពេលឥឡូវនេះ។

ដោយឡែកម្ចាស់អាជីវកម្មនិងសេដ្ឋវិទូបានលើកឡើងថា បើអតិថិជនគ្មានទំនុកចិត្តក្នុងការចេញក្រៅ និងចាយវាយ ការបើកហាងនិងភោជនីយដ្ឋានឡើងវិញនឹងទទួលបានផលតិចតួច។ គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកបានកត់ត្រាការស្លាប់ទាក់ទងនឹងមេរោគឆ្លងវីរុសកូវីដ-១៩ច្រើនជាងប្រទេសដទៃ ដោយចំនួនអ្នកស្លាប់មានដល់ជិត ៤៧,០០០ នាក់គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី​