ចិនប្រកាសផ្ដល់ថវិកាចំនួន ៣០ លានដុល្លារបន្ថែមទៀតដល់អង្គការសុខភាពពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសផ្ដាច់ជំនួយ
សេដ្ឋកិច្ច April 23, 2020 Chan Sreyny

ប្រទេសចិននាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះបានប្រកាសថា ខ្លួននឹងបរិច្ចាថវិកាចំនួន ៣០ លានដុល្លារបន្ថែមទៀតដល់អង្គការសុខភាពពិភពលោក (WHO) ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដែលបង្កឡើងដោយវីរុសកូវីដ-១៩។ យោងតាមអ្នកអ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បានឲ្យដឹងថា ប្រទេសចិនបានសម្រេចចិត្តបរិច្ចាគសាច់ប្រាក់ចំនួន ៣០ លានដុល្លារអាមេរិកបន្ថែមទៀតដល់អង្គការសុខភាពពិភពលោក (WHO) បន្ថែមលើការបរិច្ចាគពេលមុនចំនួន ២០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការប្រយុទ្ធជាសកលនឹងវីរុសកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

លោកបានបន្ថែមទៀតថា វិភាគទានរបស់ចិនចំពោះទីភ្នាក់ងារអង្គការសហប្រជាជាតិ ឆ្លុះបញ្ចាំងពីការគាំទ្រនិងការទុកចិត្តរបស់រដ្ឋាភិបាលចិននិងប្រជាជនចិនសម្រាប់អង្គការសុខភាពពិភពលោក។ ខណៈសហរដ្ឋអាមេរិកដែលជាអ្នកចូលរួមវិភាគទានធំជាងគេរបស់អង្គការសុខភាពពិភពលោកបានចោទប្រកាន់អង្គការកាលពីសប្តាហ៍មុនថា បានចូលរួមលាក់បាំងព័ត៌មានវីរុសកូវីដ-១៩ ដែលធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីទីក្រុងប៉េកាំងនៅពេលដែលប្រទេសទាំងពីរឈ្លោះប្រកែកគ្នាលើវីរុសដ៏សាហាវនេះ។

នៅក្នុងការប្រកាសអំពីការបង្អាក់ការផ្ដល់ថវិកាកាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់អង្គការសុខភាពពិភពលោកពីការបិទបាំងភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងវីរុស COVID-19 នៅប្រទេសចិនមុនពេលវារីករាលដាល។ លោក Trump បាននិយាយថាអ្នកបង់ពន្ធអាមេរិកបានផ្តល់ថវិកាចន្លោះពី ៤០០ លានដុល្លារទៅ ៥០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំដល់អង្គការសុខភាពពិភពលោក ខណៈដែលផ្ទុយមកវិញប្រទេសចិនបានចូលរួមវិភាគទានប្រហែល ៤០ លានដុល្លារក្នុងមួយឆ្នាំ ហើយពេលខ្លះតិចជាងនេះក៏មាន៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី