រដ្ឋាភិបាលថៃបានអនុម័តជាផ្លូវការនូវការសម្រេចរបស់អាជ្ញាធរអគ្គិសនីក្នុងការលើកលើង ឬកាត់បន្ថយថ្លៃភ្លើងដល់ប្រជាពលរដ្ឋចំនួន ២២ លានគ្រួសារដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងថាមពលថៃ Sontirat Sontijirawong បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២១ ខែមេសា ដែលមានការចូលរួមពីតំណាងមកពីគណៈកម្មការនិយតកម្មថាមពល អាជ្ញាធរអគ្គិសនីថៃ អាជ្ញាធរអគ្គិសនីក្រុង និងអាជ្ញាធរអគ្គិសនីខេត្ត។
តាមការថ្លែងរបស់រដ្ឋមន្រ្តីរូបនេះបានឲ្យដឹងបន្ថែមថា វិធានការនេះនឹងមានសុពលភាពរយៈពេល ៣ខែ ចាប់ពីខែមីនាដល់ខែឧសភា ដែលធ្វើឱ្យរដ្ឋខាតបង់ថវិកាចំនួន ២៣.៦៨ ពាន់លានបាតដែលជាប្រាក់ចំណូល។ មន្រ្តីដដែលបានបន្តថា វិធានការណ៍នេះនឹងជួយកាត់បន្ថយបន្ទុកក្នុងការបង់ថ្លៃភ្លើងដល់ប្រជាពលរដ្ឋដែលកំពុងធ្វើការពីផ្ទះ ក្នុងការចំណាយមួយផ្នែកនៃជិវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

យ៉ាងណាមិញ គ្រួសារដែលប្រើប្រាស់កុងទ័រភ្លើងមិនក្រោម ៥អំពែ និងទទួលបានការប្រើប្រាស់ឥតគិតថ្លៃ ដែលមានចំនួនរហូតដល់ ១០ លានគ្រួសារដែលអាចនឹងទទួលបានអត្ថប្រយោជន៍នេះ។ ដោយឡែកសម្រាប់គ្រួសារដែលប្រើលើសពី ៥អំពែ ប្រសិនបើការប្រើប្រាស់របស់ពួកគេតិចជាង ៨០០ គីឡូវ៉ាត់ម៉ោង ពួកគេត្រូវបង់តម្លៃតាមវិក្កយបត្រខែកុម្ភៈ ហើយអ្នកប្រើច្រើនជាង ៨០០ គីឡូវ៉ាត់ម៉ោងនឹងត្រូវបញ្ចុះតម្លៃ ៥០%។ ខណៈផ្ទះធំៗ ដែលប្រើប្រាស់ច្រើនជាង ៣០០០ គីឡូវ៉ាត់ម៉ោងនឹងទទួលបានការបញ្ចុះតម្លៃ ៣០%៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី


