ឥណ្ឌូនេស៊ីផ្ដល់សម្ភារៈជាង ៤០០០ រួមមានគ្រែ ពូក ភួយ ទៅកាន់សិង្ហបុរីសម្រាប់មណ្ឌលថែទាំអ្នកជំងឺកូវីដ-១៩ ខណៈអ្នកឆ្លងកំពុងបន្តកើនឡើងឥតឈប់
សេដ្ឋកិច្ច April 23, 2020 Chan Sreyny

ប្រទេសសិង្ហបុរីបានទទួលសម្ភារៈប្រើប្រាស់សម្រាប់គ្រែអ្នកជំងឺពីប្រទេសឥណ្ឌូនេស៊ី ដើម្បីយកទៅប្រើប្រាស់នៅតាមកន្លែងនានាដែលរៀបចំឡើងសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលមានសភាពស្រាល។ យោងតាមការបញ្ជាក់របស់មូលនិធិ Temasek នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយកាលពីថ្ងៃពុធ បានឲ្យដឹងថា សម្ភារៈដែលត្រូវបានដឹកជញ្ជូនទៅសិង្ហបុរីចំនួន ៤៥០០ មុខរួមមាន គ្រែ ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ និងភួយជាដើម។

សេចក្ដីថ្លែងការណ៍ដដែលបាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះមូលនិធិ Temasek បានធ្វើការជាដៃគូជិតស្និទ្ធជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីនៅក្នុងប្រទេសសឹង្ហបូរីដើម្បីគាំទ្រដល់ការឆ្លើយតបចំពោះការគ្រប់គ្រងជំងឺរាតត្បាត COVID-19។ សម្ភា​រៈដែលត្រូវបានបញ្ជាទិញដោយមូលនិធិ Temasek នឹងត្រូវប្រើដើម្បីបំពេញបន្ថែមការផ្គត់ផ្គង់ដែលមានស្រាប់នៅតាមកន្លែងដាក់ដោយឡែកនៅក្នុងសហគមន៍ដូចជា កន្លែងតាំងពិព័រណ៍សិង្ហបុរី ដែលបានបើកនៅថ្ងៃទី១០ ខែមេសា ជាទីតាំងមួយសម្រាប់ដាក់អ្នកជម្ងឺកូវីដ-១៩ ដែលត្រូវសង្រ្គោះបន្ទាន់ និងអ្នកជម្ងឺកម្រិតដំបូង។

បន្ថែមពីនេះមូលនិធិ Temasek បានលើកឡើងថា នៅក្នុងគ្រាលំបាកនេះ ដែលសហគមន៍ពិភពលោកបានកំពុងប្រឈមមុខដើម្បីគ្រប់គ្រងស្ថានភាពកូវីដ-១៩ ការរក្សាសាមគ្គីភាព និងការជួយគ្នាឲ្យកាន់តែខ្លាំងឡើងគឺ ជារឿងចាំបាច់។ មូលនិធិសូមថ្លែងអំណរគុណចំពោះការបង្ហាញពីសាមគ្គីភាព និងការគាំទ្រពីប្រទេសឥណ្ឌូនេស៊ីសម្រាប់ការជួយតាមរយៈផ្ដល់សម្ភារៈប្រើប្រាស់នៅតាមមណ្ឌលថែទាំសហគមន៍របស់ប្រទេសសិង្ហបុរី។ ដោយគិតត្រឹមថ្ងៃពុធ ទី២២ ខែមេសា ចំនួននៃករណី COVID-19 នៅក្នុងប្រទេសសិង្ហបុរីមានចំនួន ១០,១៤១ នាក់៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី