ក្រសួងពាណិជ្ជកម្មវៀតណាមស្នើឱ្យចាប់ផ្តើមនាំចេញអង្ករឡើងវិញ ដើម្បីរក្សាផលិតកម្មស្រូវ ធានាកំណើនសេដ្ឋកិច្ច បន្ទាប់ពីប្រកាសបិទដើម្បីធានាសន្តិសុខស្បៀង
សេដ្ឋកិច្ច April 22, 2020 Chan Sreyny

វៀតណាម៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បានស្នើសុំឱ្យរដ្ឋាភិបាលចាប់ផ្តើមការនាំចេញអង្ករឡើងវិញ ខណៈដែល​បរិមាណនាំចេញនឹងត្រូវបានកំណត់ត្រឹម ៨០០,០០០ តោនសម្រាប់ខែមេសា និងឧសភា។ កាលពីដើមសប្ដាហ៍កន្លងទៅនេះ ក្រសួងបានបញ្ជូនការស្នើសុំទៅលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បន្ទាប់ពីបានប្រមូលយោបល់ពីក្រសួងពាក់ព័ន្ធនិងទីភ្នាក់ងារពាក់ព័ន្ធក្នុងការគ្រប់គ្រងការនាំចេញអង្ករ។ គួររម្លឹកផងដែរថា ក្រសួងពាណិជ្ជកម្មបានប្រកាសកាលពីថ្ងៃទី ២៥ ខែមីនាថាបានហាមឃាត់ការចុះហត្ថលេខាលើកិច្ចសន្យានាំចេញអង្ករថ្មី ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩។

អាស្រ័យហេតុនេះក្រសួងបានស្នើឱ្យមានការនាំចេញអង្ករ ប៉ុន្តែត្រូវគ្រប់គ្រងកូតាប្រចាំខែយ៉ាងតឹងរ៉ឹងបន្ទាប់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្នដើម្បីធានាបាននូវសន្តិសុខស្បៀងក្នុងគ្រាមានជំងឺរាតត្បាតកូវីដ-១៩​។ យ៉ាងណាមិញផែនការនេះត្រូវគិតគូរពីដំណោះស្រាយសមស្របដើម្បីរក្សាផលិតកម្មស្រូវ និងដើម្បីធានាកំណើនសេដ្ឋកិច្ចព្រមទាំងត្រូវធានាសន្តិសុខស្បៀង។ ជាពិសេសផែនការនេះក៏ផ្អែកលើសេចក្តីប្រកាសជាផ្លូវការរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទស្តីពីបរិមាណស្រូវ ៣.២ លានតោនដែលអាចត្រូវបាននាំចេញនៅក្នុងរដូវប្រមូលផល ដែល​នេះគឺជាបរិមាណដែលនៅសល់បន្ទាប់ពីធានានូវការប្រើប្រាស់ក្នុងស្រុកនិងទុនបំរុងធម្មតា។

បន្ថែមពីនេះទៅទៀតក្រសួងបានឲ្យដឹងថា វៀតណាមបាននាំចេញអង្ករប្រមាណ ១.៧ លានតោនក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខាគិតត្រឹមថ្ងៃទី ៣១ ខែមីនា។ ដូច្នេះបរិមាណនាំចេញអង្ករទៅថ្ងៃអនាគតមានចំនួន ១.៥ លានតោន ហើយស្តុកអង្ករសរុបក្នុងរយៈពេល ២ ខែទៀតមុនរដូវប្រមូលផលក្នុងរដូវក្តៅនឹងមានចំនួន ៧០០,០០០ តោន។ លើសពីនេះក្រសួងបានទាមទារឱ្យក្រុមហ៊ុននាំអង្ករចេញធំជាងគេចំនួន ២០ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រព័ន្ធរួមមានផ្សារទំនើប ដើម្បីធានាបាននូវទុនបំរុងស្បៀងអាហារសម្រាប់ចរាចរ៕

ប្រភព៖ nationthailand
អត្ថបទ៖ លីនី