យោងតាមការស្ទង់មតិទេសចរណ៍ចិនថៃឆ្នាំ ២០២០ ដែលបានធ្វើឡើងនៅពាក់កណ្ដាលខែមេសា ដោយ C9 Hotelworks និង DAC China Digital Services បានបង្ហាញថា ៥៣% នៃភ្ញៀវទេសចរចិនចង់ធ្វើដំណើរកម្សាន្តឡើងវិញក្នុងឆ្នាំនេះដោយផ្តោតលើខែសីហា តុលា និងធ្នូ។ ក្នុងនោះផងដែរភ្ញៀវទេសចរចិន ៧១% មានបំណងចង់មកកម្សាន្តនៅក្នុងប្រទេសថៃ ពោលគឺនៅទីក្រុងបាងកក ភូកេត និងឈៀងម៉ៃដែលជាប់ចំណាត់ថ្នាក់កំពូលទាំង៣ បន្ទាប់មកគឺកោះសាមុយ និងប៉ាតាយ៉ា។
លោក Bill Barnett នាយកគ្រប់គ្រងសណ្ឋាគារ C9 បាននិយាយថាភ្ញៀវទេសចរចិនមានចំនួនសរុបជិត ១១ លាននាក់កាលពីឆ្នាំមុន គឺច្រើនជាងមួយភាគបួននៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបរបស់ថៃ ៣៩.៨ លាននាក់។ លោកបានបន្តថា ប្រាក់យ័នបានឡើងថ្លៃបើធៀបនឹងប្រាក់បាតនៅក្នុងត្រីមាសទី៣ និងទី៤ កាលពីឆ្នាំមុនដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ និងសង្គ្រាមពាណិជ្ជកម្មមានន័យថាភ្ញៀវទេសចរចិនអាចចំណាយកាន់តែច្រើននៅក្នុងប្រទេសថៃ។ ដោយថវិកាសម្រាប់ការធ្វើដំណើរ ៥០% នៃអ្នកដែលបានស្ទង់មតិគឺ ២១០០ ដុល្លារសម្រាប់មនុស្សម្នាក់ ឬប្រហែល ៦៨,០០០ បាត។

ទន្ទឹមនឹងនេះដែរទោះបីជាក្រុមហ៊ុនអាកាសចរណ៍ពិភពលោកប្រឈមនឹងបញ្ហាសាច់ប្រាក់ងាយស្រួលផ្នែកហិរញ្ញវត្ថុក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសចិនអាចនឹងងើបឡើងវិញមុនគេដោយសារការបន្តការធ្វើដំណើរតាមផ្លូវអាកាសក្នុងស្រុកនៅត្រីមាសទី២ កំពុងជំរុញលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប។ ការស្ទង់មតិបានរកឃើញថា ៨៣% នៃភ្ញៀវទេសចរចិនមាននិន្នាការងាកទៅរករបៀបឯករាជ្យបើប្រៀបធៀបទៅនឹងដំណើរទេសចរណ៍ជាក្រុមដែលមានត្រឹមតែ ១៧% ប៉ុណ្ណោះ។

យ៉ាងណាមិញប្រតិបត្តិករបានត្រៀមខ្លួនស្វាគមន៍ជនជាតិចិន និងគ្រប់ជាតិសាសន៍ជាពិសេសបន្ទាប់ពីការតស៊ូជាមួយសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតនៃវីរុស Covid-19។ លោក Vorasit ជាប្រធានសមាគមទេសចរណ៍នៃកោះសាមុយបាននិយាយថាក្រុមហ៊ុន Bangkok Airways នឹងចាប់ផ្តើមជើងហោះហើរឡើងវិញនៅថ្ងៃទី១ ខែមិថុនា ប៉ុន្តែប្រតិបត្តិករកំពុងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ចាប់ផ្តើមសេវាកម្មរបស់ខ្លួននៅពេលវីរុសនៅក្នុងខេត្តនេះអាចគ្រប់គ្រងបានទាំងស្រុងដោយចាប់ផ្តើមពីទីក្រុងបាងកក – កោះសាមុយ។ បន្ថែមពីនេះប្រតិបត្តិករកំពុងពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលជាម្ចាស់អាកាសយានដ្ឋានសាមុយផងដែរ ដោយទម្លាក់ថ្លៃចុះចតសម្រាប់ជើងហោះហើរជាលក្ខណៈហោះហើរពីទីក្រុងចំនួន ៣ នៅចិនដីគោកគឺ Xi’an Chengdu និង Chongqing មុនខែតុលា៕
ប្រភព៖ bangkokpost
អត្ថបទ៖ លីនី


