យោងតាមសារព័ត៌មាន Korea IT Times បានឲ្យដឹងថាក្រុមហ៊ុនវិស្វកម្ម Hyundai បានឈ្នះការដេញថ្លៃ និងទទួលបានសិទ្ធក្នុងការសាងសង់ផ្សារទំនើបអ៉ីអនម៉លទី៣ នៅកម្ពុជាដែលមានតម្លៃ ២០០ ពាន់លានវ៉ុន (ប្រហែល ១៦៤ លានដុល្លារ)។ អ្នកតំណាងក្រុមហ៊ុនឈានមុខគេរបស់កូរ៉េមួយនេះ បាននិយាយកាលពីថ្ងៃទី១៩ ខែមេសានេះថា ក្រុមហ៊ុនវិស្វកម្ម Hyundai បានឈ្នះការដេញថ្លៃលើគម្រោងនេះពីក្រុមហ៊ុន “អ៉ីអនម៉ល” ដែលជាផ្សារចែកចាយធំជាងគេមួយរបស់ជប៉ុនដែលដំណើរការមជ្ឈមណ្ឌលលក់ទំនិញជាង ២០០ កន្លែងនៅជុំវិញពិភពលោក។
(ប្លង់គំរូពិត)
ប្រភពដដែលបានបន្តថា ដោយផ្អែកលើការជឿទុកចិត្តរបស់ក្រុមហ៊ុនដែលធានាបាននូវគុណភាពសំណង់ល្អ ក្រុមហ៊ុនវិស្វកម្ម Hyundai ត្រូវបានគេអញ្ជើញឱ្យដេញថ្លៃ ហើយទីបំផុតត្រូវបានជ្រើសរើសជាអ្នកម៉ៅការសម្រាប់គម្រោងសាងសង់ផ្សារអ៉ីអនម៉លទី ៣ នេះ។ គម្រោងនេះនឹងសាងសង់មជ្ឈមណ្ឌលលក់ទំនិញកំពស់ ៥ ជាន់ ដែលមានទំហំរហូតដល់ ១៧០,០០០ ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ក្នុងចំណោមផ្សារទំនើបអ៉ីអនទាំង ៣ នៅកម្ពុជា រួមជាមួយកន្លែងចតរថយន្តនៅខាងក្រៅរាជធានីភ្នំពេញ ហើយត្រូវចំនាយរយៈពេលសាងសង់ប្រហែល ២៧ ខែបន្ទាប់ពីចាប់ផ្តើមសាងសង់។
(រូបតំណាង)
បន្ថែមពីនេះទៅទៀតអ៉ីអនម៉លគ្រោងនឹងបន្តពង្រីកអាជីវកម្មផ្សារទំនើបដ៏ធំរបស់ខ្លួននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជាប្រទេសវៀតណាមនិងឥណ្ឌូនេស៊ីនាពេលអនាគតខណៈពេលដែលក្រុមហ៊ុនវិស្វកម្ម Hyundai គ្រោងនឹងខិតខំប្រឹងប្រែងដើម្បីទទួលបានការងារបន្ថែមតាមរយៈសមត្ថភាពសាងសង់ខ្ពស់របស់ខ្លួន។ ដោយនាពេលកន្លងមកក្រុមហ៊ុនមួយនេះបានអនុវត្តការងារនៅក្នុងគម្រោងជាច្រើនក្នុងប្រទេសកម្ពុជារួមមាន មជ្ឈមណ្ឌល និងអាគារពាណិជ្ជកម្ម គំរោងជួសជុលនិងកែលំអផ្លូវថ្នល់ក្នុងប្រទេសកម្ពុជាជាដើម៕

ប្រភព៖ koreaittimes
អត្ថបទ៖ លីនី


