ថៃ៖ នាយកដ្ឋានរដ្ឋាករទឹកក្រុងបាងកក បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួននឹងកាត់បន្ថយថ្លៃទឹក ៣% ដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅទីក្រុងបាងកក ណុនថាបូរី និងសាមុតប្រាកាន រយៈពេល ៣ខែ ក្នុងគោលបំណងដើម្បីកាត់បន្ថយថ្លៃដើមក្នុងការរស់នៅក្នុងរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Nation Thailand នាថ្ងៃនេះ។
យោងតាមសេចក្ដីសេចក្ដីប្រកាសរបស់រដ្ឋាករទឹកថៃ បានឲ្យដឹងថា យុទ្ធនាការនេះនឹងចាប់ផ្តើមនៅខែឧសភាហើយបន្តដល់ខែកក្កដាក្នុងកំឡុងពេលដែលអ្នកប្រើប្រាស់នឹងឃើញការជូនដំណឹងអំពីការបញ្ចុះតម្លៃដោយសារវីរុសកូវីដ-១៩ នៅលើវិក្កយបត្ររបស់ពួកគេ។ ជាមួយគ្នានេះការបញ្ចុះតម្លៃនឹងត្រូវបានផ្ដល់ជូនដល់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិតែម្ដង ដោយមិនចាំបាច់តម្រូវឲ្យចុះឈ្មោះដើម្បីទទួលបានការបញ្ចុះតម្លៃនោះទេ។ ដោយឡែកអ្នកប្រើប្រាស់ទឹកនៅតាមបណ្តាខេត្តផ្សេងទៀត នាយកដ្ឋានរដ្ឋាករក៏បានបើកការចុះឈ្មោះដើម្បីផ្តល់ប្រាក់តំកល់នៅពេលភ្ជាប់បណ្ដាញទឹកត្រឡប់មកវិញចាប់តាំងពីថ្ងៃទី ១៥ ខែមេសាផងដែរ៕


ប្រភព៖ nationthailand
អត្ថបទ៖ លីនី


