ព្រះមហាក្សត្រថៃទ្រង់បានអនុម័តលើច្បាប់ដើម្បីអនុវត្តវិធានការណ៍ចំណាយ ដែលមានតម្លៃ ១.៩ ទ្រីលានបាត (ប្រហែលជាង ៥៨.៤ ពាន់លានដុល្លារអាមេរិក) ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវីរុស COVID-19 លើសេដ្ឋកិច្ច។ ព្រះរាជានុញ្ញាតរបស់ព្រះមហាក្សត្រត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette កាលពីថ្ងៃអាទិត្យ និងដោយមានប្រសិទ្ធិភាពភ្លាមៗបន្ទាប់ពីចេញផ្សាយ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍។
វិធានការដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីកាលពីសប្តាហ៍មុន ក៏បានអនុញ្ញាតឱ្យរដ្ឋាភិបាលខ្ចីប្រាក់ ១ទ្រីលានបាត ដើម្បីប្រើប្រាស់សម្រាប់ការចំណាយសុខភាពសាធារណៈ និងការបង្កើតការងារ។ ធនាគារថៃ (Bank of Thailand) ក៏នឹងត្រូវបានអនុញ្ញាតឱ្យផ្តល់ប្រាក់កម្ចី ៥០០ ពាន់លានបាត ដល់អាជីវកម្មខ្នាតតូច និងបង្កើតមូលនិធិ ៤០០ ពាន់លានបាត ដើម្បីទ្រទ្រង់ទីផ្សារបំណុលសាជីវកម្ម។
ប្រទេសថៃនឹងខាតបង់ថវិកាចំនួន ១.៣ ទ្រីលានបាត ដែលភាគច្រើននៅក្នុងវិស័យទេសចរណ៍ និងការងាររហូតដល់ទៅ ១០ លានការងារ ដោយសារតែជំងឺរាតត្បាត ខណៈប្រទេសស្ថិតក្នុងស្ថានភាពអាសន្ន។ ក្នុងខែនេះថៃបានដាក់បំរាមគោចរនៅពេលយប់ទូទាំងប្រទេស បន្ទាប់ពីបិទតាមផ្សារដើម្បីគ្រប់គ្រងការរីករាលដាល។ ហើយកញ្ចប់ថវិកានេះគឺជាវិធានការចុងក្រោយ ដែលប្រើទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃវីរុសមកលើសេដ្ឋកិច្ច ដែលត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ៥.៣% នៅឆ្នាំនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្តិ៍


