សាំងហ្គាពួរបញ្ចេញឡេបថប និងថេប្លេត ចំនួន ១២,៥០០ គ្រឿង ដើម្បីឱ្យសិស្សខ្ចីយកទៅរៀនតាមផ្ទះ អំឡុងពេលមានការបិទទ្វារប្រទេស
សេដ្ឋកិច្ច April 20, 2020 Chan Sreyny

សិង្ហបុរី៖ ក្រសួងអប់រំ (MOE) នៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០មក ក្រសួងបានដាក់ឲ្យខ្ចីនូវកុំព្យូទ័រយួរដៃ និង tablet ប្រមាណ ១២,៥០០ គ្រឿងសម្រាប់សិស្សដែលមិនមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការសិក្សានៅផ្ទះ។ ក្រសួងបានបន្ថែមថា ឧបករណ៍អេឡិចត្រូនិកសម្រាប់ប្រើអ៉ីនធឺណេតសរុបចំនួន ១២០០ គ្រឿងរួមទាំង ឧបករណ៍ USB ភ្ជាប់ WiFi (dongle) ក៏ត្រូវបានផ្តល់ដល់និស្សិតផងដែរ។

ការដាក់ឲ្យខ្ចីកុំព្យូទ័រនេះ បានចាប់ផ្ដើមអនុវត្តឡើងបន្ទាប់ពី សិស្សនិស្សិតគ្រប់កម្រិតត្រូវបានផ្លាស់ប្ដូរឲ្យរៀននៅតាមផ្ទះ ចាប់ពីថ្ងៃ​ទី០៨ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ដែលនេះជាផ្នែកមួយនៃវិធានការណ៍រក្សាគម្លាត ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19។ យោងតាមការស្ទង់មតិរបស់អាជ្ញាធរសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ Infocomm ឆ្នាំ២០១៨ (IMDA) បានបង្ហាញថា ៩៨% នៃគ្រួសារដែលមានកុមារទៅសាលារៀនមានលទ្ធភាពប្រើប្រាស់កុំព្យូទ័រ ហើយស្ទើរតែ ១០០% មានអ៉ីនធឺណេតនៅផ្ទះ និងដុំ USB ភ្ជាប់អ៉ីនធឺណេត នេះបើតាមការកត់សម្គាល់រដ្ឋមន្រ្តីក្រសួងអប់រំ Ong Ye Kung នៅក្នុងសភាកាលពីដើមខែមេសា។

រដ្ឋមន្រ្តីរូបនេះបានឲ្យដឹងបន្ថែមថា គ្រួសារដែលមានចំណូលទាបក៏អាចដាក់ពាក្យដើម្បីខ្ចីកុំព្យូទ័រ និងអ៊ិនធឺណេតឥតគិតថ្លៃតាមរយៈកម្មវិធី IMDA’s NEU PC Plus របស់ក្រសួងអប់រំ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្ដល់កុំព្យូទ័រ និងអ៉ីនធឺណេតនៅពេលគម្រោងសិក្សានៅផ្ទះត្រូវបានដាក់ចេញ។

ទោះបីជាយ៉ាងនេះក្ដីក្រសួងអប់រំបាននិយាយនៅថ្ងៃច័ន្ទនេះថា មាននិស្សិតមហាវិទ្យាល័យ សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួនជាង ៤,០០០ នាក់ ឬ ប្រមាណ ១% បានបន្តទៅសាលារៀនក្នុងអំឡុងពេលច្បាប់រឹតបន្តឹងរបស់រដ្ឋាភិបាល។ ដោយសារឪពុកម្តាយរបស់ពួកគេទាំងនោះជាអ្នកធ្វើការនៅក្នុងសេវាកម្មសំខាន់ៗ មិនមានពេលគ្រប់គ្រាន់សម្រាប់នៅផ្ទះមើលថែ និងបង្ហាត់បង្រៀន ហេតុដូច្នេះសាលារៀននឹងនៅតែបន្តបើកទ្វារ ដោយអនុវត្តវិធានការរក្សាគម្លាត ដើម្បីសុវត្ថិភាពជាចាំបាច់៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី