ដូចដែលយើងបានដឹងរួចមកហើយថា ជំងឺរាតត្បាតដែលបង្កឡើងដោយវីរុសកូរ៉ូណាមិនត្រឹមតែសម្លាប់ជីវិតមនុស្សប៉ុណ្ណោះទេ តែកំពុងសម្លាប់សេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសនានាលើពិភពលោក។ ជាមួយគ្នានេះដែរចាប់តាំងពីការផ្ទុះឡើងនៃវីរុសនេះមក ផលប៉ះពាល់លើសេដ្ឋកិច្ចបានរំលេចឡើងជាបណ្ដើរៗ និងកាន់តែធ្ងន់ធ្ងរទៅៗ ជាពិសេសគឺទៅលើវិស័យទេសចរណ៍តែម្ដង ដោយក្នុងប្រទេសកម្ពុជាយើងវិស័យទេសចរណ៍ដែលជាវិស័យដ៏ចម្បងមួយក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង។
ជាមួយគ្នានេះដែរដោយសារវីរុសដ៏កាចសាហាវនេះ បានធ្វើឲ្យប្រជាជនដែលរស់នៅពឹងផ្អែកលើវិស័យទេសចរណ៍កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារទេសចរណ៍ធ្លាក់ចុះធ្វើឲ្យបាត់បង់ការងារ និងប្រាក់ចំណូល។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ប្រជាកសិករនៅក្នុងខេត្តសៀមរាប ជាខេត្តដែលប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកលើវិស័យទេចរណ៍ មិនចុះចាញ់នឹងគ្រាដ៏លំបាកនេះទេ ដោយក្រៅពីការចិញ្ចឹមត្រី និងការដាំដុះដំណាំបន្លែសម្រាប់ផ្គត់ផ្គង់ទេសចរណ៍ នឹងទីផ្សារក្នុងស្រុកនាពេលកន្លងមក កសិករនៅខេត្តសៀមរាបបាននិងកំពុងខិតខំបង្កើនសមត្ថភាពក្នុងការចិញ្ចឹមសត្វ មិនចាញ់បណ្តាខេត្តដ៏ទៃទៀតដែរ។

តាមរយៈបណ្ដាញសង្គមរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា កសិករនៅខេត្តសៀមរាបបាននាំគ្នាចិញ្ចឹម គោ មាន់ ជ្រូក ប្រកបដោយស្តង់ដារខ្ពស់ដែលសុទ្ធតែជាតម្រូវការសំខាន់និងចាំបាច់នៅលើទីផ្សារ។ ទន្ទឺមនឹងនេះដែរការវិវត្តន៍របស់ប្រជាកសិករនេះក៏រួមចំណែកពីខាងមន្ទីរកសិកម្មខេត្ត រួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ទាំងអស់ដោយការផ្ដល់នូវចំណេះ ជំនាញ បច្ចេកទេស ជាពិសេសការគាំទ្រ និងលើកទឹកចិត្តផងដែរ៕




អត្ថបទ៖ លីនី


