ការចាក់សោររបស់ប្រទេសនានាដោយសារវីរុសកូរ៉ូណា បានធ្វើឱ្យការលក់រថយន្តនៅអឺរ៉ុបធ្លាក់ចុះ ៥៥% ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក
សេដ្ឋកិច្ច April 18, 2020 Chan Sreyny

ការលក់រថយន្ត​នៅអឺរ៉ុបបានធ្លាក់ចុះ ៥៥% កាលពីខែមុន ដោយសារការចាក់សោររបស់ប្រទេសជាច្រើនដែលបណ្ដាលមកពីការផ្ទុះឡើងនៃមេរោគឆ្លងនៃវីរុស Covid-19 នេះបើយោងតាមសមាគមពាណិជ្ជកម្មឧស្សាហកម្មដែលបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃសុក្រ ទី១៧ នេះ។ សមាគមអ្នកផលិតរថយន្តអឺរ៉ុប (ACEA) ក៏បាននិយាយផងដែរថា ការចុះបញ្ជីរថយន្តថ្មីរបស់អ្នកតំណាងសម្រាប់ការលក់បានធ្លាក់ចុះដល់ ៥៦៧,៣០៨ គ្រឿងកាលពីខែមុន បើប្រៀបធៀបទៅនឹងចំនួន ១.២ លានគ្រឿងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបានឲ្យដឹងបន្ថែមថា ក្នុងចំណោមទីផ្សារអ៉ឺរ៉ុបទាំង ២៧ ដែលបានចុះកិច្ចសន្យាកាលពីខែមីនា ប្រទេសអ៉ីតាលីធ្លាក់ចុះខ្លាំងជាងគេគឺ ៨៥.៤% នៃរថយន្តថ្មីចំនួន ២៨,២៨៣ គ្រឿង។ ខណៈដែលប្រទេសបារាំងក៏ទទួលរងផលប៉ះពាល់ខ្លាំងផងដែរជាមួយនឹងការធ្លាក់ចុះ ៧២.២% ហើយប្រទេសអេស្ប៉ាញការលក់ធ្លាក់ចុះ ៦៩.៣% ។ បន្ថែម​ពីនេះនៅប្រទេសអាឡឺម៉ង់ដែលការរឹតត្បិតមិនសូវតឹងតែងបានបង្ហាញការលក់ធ្លាក់ចុះ ៣៧.៧% ដោយក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះការលក់បានធ្លាក់ចុះ ២៥.៦% ស្មើនឹងរថយន្ត ២.៤៨ លានគ្រឿង។

យ៉ាងណាមិញការធ្លាក់ចុះនេះ បានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តទាំងអស់ត្រូវរងទុក្ខ ប៉ុន្តែក្រុមហ៊ុន Fiat Chrysler បានបង្ហាញការធ្លាក់ចុះដ៏អាក្រក់បំផុតគឺក្នុងកម្រិត ៧៦.៦% ដោយសារវាពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សាររបស់ក្រុមហ៊ុន Fiat នៅប្រទេសអ៊ីតាលី។ ខណៈដែលក្រុមហ៊ុន VW Group នៅតែជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់ជាងគេនៅអឺរ៉ុប ហើយថែមទាំងបានឃើញចំណែកទីផ្សាររបស់ខ្លួនកើនឡើងដល់ ២៦.៦% នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ បើទោះបីជាការលក់បានតែជាង ៦៦០,០០០ គ្រឿងក៏ដោយ៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី