ក្រុមហ៊ុន Apple បរិច្ចាគម៉ាស់រាប់លាន និងថវិកាចំនួន ១៥លានដុល្លារអាមេរិក ទៅឱ្យបុគ្គលិកពេទ្យនៅអាមេរិក និងតំបន់អឺរ៉ុប ដែលកំពុងមមាញឹកជាមួយវីរុសកូវីដ-១៩
សេដ្ឋកិច្ច March 23, 2020 Khmernote

មន្ទីរពេទ្យក្នុងប្រទេសជាច្រើនកំពុងតស៊ូដើម្បីផ្គត់ផ្គង់សម្ភារៈដល់បុគ្គលិកថែទាំសុខភាព ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏កំពុងតែផ្តោតលើការដោះស្រាយកង្វះខាតនេះ។ ជាកស្ដែងលោក Tim Cook នាយក​ប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហើបឱ្យដឹងថា Apple កំពុងបរិច្ចាគម៉ាស់រាប់លានដល់អ្នកជំនាញថែទាំសុខភាពនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ វាមិនច្បាស់ទេថា Apple បរិច្ចាគម៉ាស់ប៉ុន្មានលាន ប៉ុន្តែលោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ម៉ាស់ N95 ចំនួន ២លាន ត្រូវបានបញ្ចូនឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។

នេះកើតឡើងរួមជាមួយការបរិច្ចាគផ្សេងទៀត រួមទាំងថវិកាចំនួន ១៥,០០០,០០០ ដុល្លារអាមេរិក និងកម្មវិធីមួយ ដែលអនុញ្ញាតឱ្យម្ចាស់កាត Apple រំលងការបង់ប្រាក់ក្នុងខែមីនាដោយគ្មានការប្រាក់។ Apple មិនមែនក្រុមហ៊ុនតែមួយ ដែលកំពុងធ្វើរឿងសប្បុរសក្នុងគ្រាអាសន្ននេះទេ សូម្បីតែស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ក៏បានបរិច្ចាគម៉ាស់ ឧបករណ៍តេស្ដ ឈុតការពារ និងខែលមុខ ខណៈលោក Elon Musk របស់ Tesla បានផ្តល់ជូនម៉ាស៊ីនជំនួយខ្យល់ដង្ហើម ventilator ។ វាជាផ្នែកមួយនៃនិន្នាការវិជ្ជមាន ហើយបានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាអាចដើរតួយ៉ាងសំខាន់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ទោះបីពួកគេមិនមានជំនាញពាក់ព័ន្ធក៏ដោយ៕

អត្ថបទ៖ លីដា