ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើឱ្យជម្រុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីសម្រួលដល់ការនាំចេញ-នាំចូលទំនិញនៃប្រទេសទាំងពីរ
សេដ្ឋកិច្ច May 19, 2026 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជម្រាបជូន ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន​ និងឯកឧត្តម Yeo Han-Koo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ថា កម្ពុជា​ និងសាធារណរដ្ឋកូរ៉េ​ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានតាំងពីឆ្នាំ ២០២២ ហើយវាជាយន្តការដ៏សំខាន់សម្រាប់ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

ជាមួយគ្នាននោះ ឯកឧត្តមក៏បានស្នើជម្រុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ​ ដើម្បីសម្រួលដល់ការនាំចេញ-នាំចូលទំនិញនៃប្រទេសទាំងពីរ។

ការលើកឡើងរបស់ ប្រមុខការទូតខាងលើ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន​ ជាមួយឯកឧត្តម Yeo Han-Koo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ នៅសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (Chamber of Commerce and Industry – KCCI) ក្នុងទីក្រុងសេអ៊ូល នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ។

អង្គជំនួបក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ​ និងអាស៊ាន និងបានផ្លាស់ប្តូរយោបល់លើយន្តការចាំបាច់មួយចំនួនដើម្បីជួយជំរុញដល់កំណើនពាណិជ្ជកម្មរវាងសាធារណរដ្ឋកូរ៉េ​ និងអាស៊ាន។ ឯកឧត្តម Yeo Han-Koo បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កូរ៉េក្នុងការជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីកូរ៉េ-អាស៊ាន (Korea-ASEAN Free Trade Agreement) ឱ្យបានឆាប់ខាងមុខនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន