ផលិតផលខ្មែរកំពុងមានសន្ទុះខ្លាំងលើទីផ្សារកូរ៉េខាងត្បូង អាជីវករកម្ពុជាសម្រុកនាំចូលផលិតផលជាង ៣០មុខ
សេដ្ឋកិច្ច September 17, 2026 Khmernote

សេអ៊ូល៖ ផលិតផលម្ហូបអាហាររបស់កម្ពុជាកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង ដោយបច្ចុប្បន្នមានផលិតផលប្រមាណជាង ៣០មុខ បានដាក់លក់នៅលើទីផ្សារនេះ ខណៈផលិតផលជាច្រើនទៀតកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យលទ្ធភាពនាំចូល។

នេះបើតាមការឱ្យដឹងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និង ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។

ក្នុងជំនួបនោះ ឯកឧត្តម ឃួន ផុនរតនៈ បានគូសបញ្ជាក់អំពីកំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ដែលមានការវិវត្តជាវិជ្ជមាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ផលិតផលរបស់កម្ពុជាមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនខ្មែរដែលរស់នៅកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការពេញនិយមពីសំណាក់ប្រជាជននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលរស់នៅក្នុងប្រទេសកូរ៉េផងដែរ។

ចំណែកឯកឧត្តម មៀវ សុខទ្រី បានលើកឡើងថា កត្តាជំរុញដ៏សំខាន់ដែលធ្វើឱ្យផលិតផលខ្មែរកាន់តែមានវត្តមានច្រើននៅទីផ្សារកូរ៉េ គឺកើតចេញពីស្មារតីជាតិនិយមរបស់បងប្អូនខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីនោះ។ បងប្អូនខ្មែរបានងាកមកគាំទ្រ និងលើកកម្ពស់ផលិតផលជាតិខ្លួនយ៉ាងសកម្ម ដែលនេះជាកម្លាំងចលករដ៏ធំមួយក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជានៅក្រៅប្រទេស។

បន្ថែមពីលើនេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនានាក្នុងការនាំចូលផលិតផល ដើម្បីធ្វើយ៉ាងណាឱ្យទំនិញខ្មែរកាន់តែមានភាពសំបូរបែប និងមានវត្តមានកាន់តែទូលំទូលាយនៅលើទឹកដីកូរ៉េនាពេលអនាគត៕ ប្រភព៖ ក្រសួងព័ត៌មាន