មន្រ្តីទេសចរណ៍ថៃកំពុងស្នើជាថ្មីម្ដងទៀតនូវការចូលមកដល់នៃប្រជាពលរដ្ឋចិនដោយមិនចាំបាច់មានទិដ្ឋាការ ដែលនេះជាផ្នែកមួយនៃគម្រោងស្ដារវិស័យទេសចរណ៍។ ការស្នើសុំនេះបានដាក់ចេញ បន្ទាប់ពីការប៉ាន់ប្រមាណរបស់ធនាគារកណ្ដាលថា សេដ្ឋកិច្ចអាចនឹងកើនឡើងតិចជាង ២% នៅឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ យោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ និងកីឡាលោក Phiphat Ratchakitprakarn បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងអំឡុងថ្ងៃទី១ រហូតដល់ទី៩ ខែកុម្ភៈបានធ្លាក់ចុះ ៤៣.៤% ពីមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម ៧៣០,២១៣ នាក់ ខណៈដែលភ្ញៀវទេសចរចិនធ្លាក់ចុះ ៨៦.៦%។
ជាមួយគ្នានេះដែរលោកបានបន្តថា ទីផ្សារចិនទំនងជាធ្លាក់ចុះ ៩០% នៅក្នុងខែកុម្ភៈ ប៉ុន្តែប្រសិនបើការទប់ស្កាត់មានប្រសិទ្ធិភាព ហើយរដ្ឋាភិបាលចិនបានដកបម្រាមការហាមឃាត់ការធ្វើដំណើររបស់ខ្លួនមុនដំណាច់ខែមិនា នោះប្រទេសថៃមានសង្ឃឹមច្រើននៃការមកដល់របស់ភ្ញៀវទេសចរក្នុងអំឡុងពិធីបុណ្យសង្រ្កាន្តដែលធ្វើឡើងក្នុងខែមេសា។ យ៉ាងណាមិញការចូលដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍ធំៗពីរដូចជា ចិន និងឥណ្ឌា គឺជាវិធានការណ៍ចាំបាច់ដែលនឹងជួយសម្រួលដល់ការកកស្ទះនៅអាកាសយានដ្ឋានដែលមានមនុស្សច្រើនរងចាំ ត្រួតពិនិត្យទិដ្ឋការ និងបង្កើនសមត្ថភាពដឹកទំនិញនៅក្នុងប្រទេស។

យ៉ាងណាក្ដីក្រសួងគ្រោងនឹងដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការទៅគណៈរដ្ឋមន្រ្តីនៅខែមេសា ព្រោះការលើកលែងចំពោះការមកដល់ទិដ្ឋាការនឹងត្រូវបញ្ចប់នៅថ្ងៃទី ៣០ ខែមេសា ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌដែលអាជ្ញាធរចិនដោះស្រាយការផ្ទុះឡើងពីវីរុសជាមុនសិន។ គួររម្លឹកផងដែរថា ក្រសួងបានដាក់ចេញផែនការរយៈពេលខ្លីរួមមានការកាត់បន្ថយពន្ធលើតម្លៃបន្ថែមសម្រាប់អាជីវកម្មទេសចរណ៍ ការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈសម្រាប់ទូកទេសចរណ៍ និងលុបចោលការហាមឃាត់គ្រឿងស្រវឹងនៅម៉ោង ២-៥ ល្ងាចនៅសណ្ឋាគារ។

ដោយឡែកសម្រាប់ផែនការរយៈពេលវែងអង្គប្រជុំបានជំរុញឲ្យរដ្ឋាភិបាលបង្កើតការិយាល័យមួយដើម្បីកំណត់ទិសដៅនៃទេសចរណ៍ប្រកបដោយគុណភាព និងណែនាំឲ្យមានការអភិវឌ្ឍកំពង់ផែ និងចំណតសម្រាប់នាវាកម្សាន្តធំៗ។ ហើយយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វិស័យឯកជនក៏បានស្នើផែនការដើម្បីទូទាត់សំណងចំនួន ៥ លានបាតដល់ក្រុមគ្រួសារអ្នកទេសចរណា ដែលឆ្លងវីរុសនេះហើយបានស្លាប់ពេលទៅលេងប្រទេសថៃ ខណៈដែលរដ្ឋមន្រ្តីក្រសួងទេសចរណ៍កំពុងតែពិចារណាលើគំនិតនេះ៕


ប្រភព៖ bangkokpost
អត្ថបទ៖ លីនី


