ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីមិត្តភាពរវាងប្រទេសកូរ៉េខាងត្បូង និងកម្ពុជា ហើយក្នុងឱកាសនេះដែរសម្តេចតេជោ ក៏បានស្នើរអោយភាគីកូរ៉េ ធ្វើការពិចារណាសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ផងដែរ។
ក្នុងសំណេរនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានអោយដឹងទៀតថា ទីតាំងដែលតម្រូវការចាំបាច់ក្នុងការសាងសង់ស្ពាននៅកម្ពុជានោះគឺនៅចំនុចពីតំបន់ជ្រោយចង្វារ ទៅស្វាយជ្រុំអរិយក្សត្រដែលកំពុងតែមានតម្រូវការរបស់ប្រជាពលរដ្ឋយើងដែលរស់នៅទីនោះ ដែលអាចនឹងចំណាយថវិការប្រមាណជាង ៤០លាន ទៅ ៥០លានដុល្លារសហរដ្ឋអាមេរិក។ អត្តន័យក្នុងសំណេររបស់សម្តេចតេជោ មួយឃ្លារនោះមានដូចតទៅ៖
“សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ផងដែរអំពីសំណាក់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមដងផ្លូវជាតិនេះ ដែលទន្ទឹងរង់ចាំយ៉ាងយូរនូវថ្ងៃបើកការដ្ឋានសាងសង់ និងផលរំខានពេលដំណើរការសាងសង់នោះ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកពីជំនួបរបស់សម្តេចផ្ទាល់ជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ក្នុងនោះសម្តេចបានស្នើរអោយមិត្តកូរ៉េពិចារណាក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្នុងប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ យើងមានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដូច្នេះសម្តេចតេជោបានស្នើរដល់ភាគីនៃប្រទេសកូរ៉េ ពិចារណាក្នុងសាងស្ពានកម្ពុជា-កូរ៉េ នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា សំរាប់ទីតាំងដែលតម្រូវចាំបាច់ក្នុងការសាងសង់ស្ពាននៅកម្ពុជានោះ គឺនៅចំនុចពីតំបន់ជ្រោយចង្វារ ទៅស្វាយជ្រុំអរិយក្សត្រដែលកំពុងតែមានតម្រូវការរបស់ប្រជាពលរដ្ឋយើងដែលរស់នៅទីនោះ។ សម្តេចតេជោបន្តថា តាមការប៉ាន់ប្រមានស្ពាននេះអាចចំណាយថវិការសាងសង់ ប្រមាណជា ៤០ទៅ ៥០លានដុល្លារ បើកម្ពុជាទទួលបានស្ពាននេះមួយទៀត គឺពិតជាបានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋយើង។ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅអំឡុងខែមីនាខាងមុខ សម្តេចនឹងអញ្ជើញទៅសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ៥៥នៅថ្មដា ខេត្តពោធិសាត់ ដែលជាហិរញ្ញប្បទានរបស់មិត្តចិន រួមជាមួយនឹងការបើកការដ្ឋានផ្លូវជាតិលេខ១០ពីសំឡូតទៅកោះកុងផងដែរ។”





