ម៉ាឡេស៊ី៖ ការផ្ទុះឡើងនូវវីរុសកូរ៉ូណាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសចិនយ៉ាងខ្លាំង ខណៈប្រទេសមួយចំនួនដែលធ្លាប់តែមានទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនក៏ត្រូវរងនូវផលប៉ះពាល់ខ្លះៗផងដែរ។ តួយ៉ាងតម្លៃរបស់ទុរេននៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេកត់សម្គាល់ឃើញថា បានធ្លាក់ចុះយ៉ាងគំហុកពោលគឺបានធ្លាក់ចុះ ៥០% ឯណោះ ក្រោយវីរុសកូរ៉ូណាបានរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសចិន។ សូមបញ្ជាក់ជូនថា កន្លងមកចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់លក់ទុរេន ព្រោះប្រជាពលរដ្ឋចិនភាគច្រើនចូលចិត្តញ៉ាំទុរេនណាស់ ហើយពួកគេហ៊ានទិញទុរេនក្នុងតម្លៃថ្លៃៗទៀតផង។
យ៉ាងណាក្តី ក្រោយផ្ទុះវីរុសកូរ៉ូណា ភាពច្របូកច្របល់នៅក្នុងប្រទេសចិនក៏បានកើតឡើង ដោយប្រជាជននៅក្នុងក្រុងមួយចំនួនត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីក្រុងឡើយ ជើងហោះហើរពីប្រទេសមួយចំនួនទៅកាន់ប្រទេសចិនក៏ត្រូវបានកាត់ផ្ដាច់ ចំនួនភ្ញៀវទេសចរណ៍ចិនទៅកាន់ប្រទេសផ្សេងៗក៏ធ្លាក់ចុះ ហើយតម្រូវការនៃការទិញទុរេនពីសំណាក់ជនជាតិចិនក៏ធ្លាក់ចុះដែរ ទើបតម្លៃរបស់វាត្រូវធ្លាក់ចុះអស់ពាក់កណ្តាលដូចនេះ៕


អត្ថបទ៖ ភក្តី


