មិនមែនតែខ្មែរទេ! រដ្ឋាភិបាលថៃ បដិសេធការបញ្ឈប់ទិដ្ឋការភ្ញៀវទេសចរចិន ព្រោះអាចប៉ះពាល់ដល់ទំនាក់ទំនងថៃ និង ចិន និងវិស័យទេសចរណ៍
សេដ្ឋកិច្ច February 1, 2020 Khmernote

ថៃ៖ រដ្ឋាភិបាលកាលពីថ្ងៃសុក្របានបដិសេធមិនទទួលសំណើររបស់ក្រសួងសុខាភិបាល ដើម្បីបញ្ឈប់ការចេញទិដ្ឋការមកដល់របស់ភ្ញៀវទេសចរចិន ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះ។ ខណៈដែលសំណើររបស់ក្រសួងសុខាភិបាលមិនមានប្រសិទ្ធិភាពនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញរបស់ក្រុមសេដ្ឋកិច្ចខុទ្ទកាល័យ បើទោះបីជារដ្ឋ​មន្រ្តីសុខាភិបាលលោក Anutin Charnvirakul បានជំរុញឲ្យរដ្ឋាភិបាលឲ្យយល់ព្រមលើវិធានការនេះក៏ដោយ។

យ៉ាងណាមិញក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះគណៈរដ្ឋមន្រ្តីបានទម្លាក់សំណើរបស់គាត់ដោយផ្អែកលើហេតុផលថា អាចប៉ះពាល់ដល់ទំនាក់ទំនងថៃ និង ចិន។ ដោយប្រទេសថៃពឹងផ្អែកខ្លាំងទៅលើវិស័យទេសចរមកពីប្រទេសចិន ស្របពេលដែលភ្ញៀវទេសចរប្រមាណ ១០,៩ លាននាក់មកពីចិនដីគោក បានមកលេងប្រទេសថៃកាលពីឆ្នាំ ២០១៩ លើសពីភ្ញៀវទសចរមកពីប្រទេសផ្សេងៗ។ ជាមួយគ្នានេះយោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ភ្ញៀវទេសចរចិនដែលមកកម្សាន្តនៅក្នុងប្រទេសថៃបានចំណាយ ៤២៦ ពាន់លានបាតនៅក្នុងចំណូលទេសចរណ៍។

ប៉ុន្តែការអំពាវនាវឲ្យដាក់កម្រិតលើការធ្វើដំណើរពីសាធារណរដ្ឋប្រជាមានិតចិន មានការកើនឡើងនៅពេលដែលមានករណីឆ្លងវីរុសត្រូវបានរកឃើញក្នុងចំណោមភ្ញៀវទេសចរចិននៅក្នុងប្រទេសថៃ។ ដោយគិតមកដល់ថ្ងៃសុក្រ ទី៣១ ខែមករា មាន ១៩ ករណីត្រូវបានរកឃើញហើយរហូតមកដល់ពេលនេះមានតែ ២ នាក់ប៉ុណ្ណោះជាជនជាតិចិន៕ ប្រភព៖ khaosodenglish

Guardian Statue at Suvarnabhumi International Airport Bangkok Thailand

អត្ថបទ៖ លីនី