សមាជិកសភា ប្រើឈ្មោះលោកនាយករដ្ឋមន្រ្តីថៃ ដាក់លើគម្រោងស្ពានថ្មី « ស្ពានចាន់អូចា » តែលោកប្រាយុទ្ធ ចាន់អូចា ជំទាស់ដោយសារ គាត់ថា ស្ពាននេះសាងសង់ដោយប្រើថវិការដ្ឋ មិនអាចយកឈ្មោះគាត់មកដាក់បានទេ
សេដ្ឋកិច្ច January 17, 2020 Khmernote

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានបង្ហាញការមិនពេញចិត្តចំពោះការលើកឡើងរបស់សមាជិកសភាដោយនឹងប្រើឈ្មោះរបស់លោកលើគម្រោងស្ពានថ្មី ដែលតភ្ជាប់ភាគខាងត្បូងទៅនឹងកោះសាមុយនៅពេលដែលបញ្ចប់ការសាងសង់ ដោយដាក់ឈ្មោះថា « ស្ពានចាន់អូចា »។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Narumon Pinyosinwat បានដកស្រង់សម្ដីលោក ប្រាយុទ្ធ ថា៖ « ខ្ញុំមិនអនុញ្ញាតឲ្យអ្នកដទៃប្រើឈ្មោះ រឺ នាមត្រកូលរបស់ខ្ញុំសម្រាប់អ្វីដែលបានសាងសង់ឡើងដោយប្រើថវិការដ្ឋនោះទេ។ មនុស្សត្រូវបានគេចងចាំចំពោះអ្វីដែលគេបានធ្វើ មិនមែនឈ្មោះនៅលើសមិទ្ធិផលផ្សេងៗនោះទេ »។

អ្នកនាំពាក្យបានបន្តថា លោកនាយករដ្ឋមន្រ្តីមិនបានដឹងពីផែនការនេះទេ ខណៈដែលសមាជិកសភាភាគខាងត្បូងមិនបានពិគ្រោះជាមួយគាត់តាមសំណើរបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីលោក បានបើកទូលាយដល់ក្រសួងដឹកជញ្ជូនធ្វើការសិក្សាអំពីលទ្ធភាពនៃការកសាងស្ពាននិងផលប៉ះពាល់របស់វាទៅលើសហគមន៍មូលដ្ឋាន និងបរិស្ថាន។ ដោយគំនិតសាងសង់ស្ពាននេះ ត្រូវបានផ្ដួចផ្ដើមឡើងតាំងពីឆ្នាំ ២០១៧ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរទៅវិញទៅមកពីកោះសាមុយ និងផ្ទេរអ្នកជម្ងឺពីកោះបានឆាប់យ៉ាងរហ័ស។ គួរបញ្ជាក់ផងដែរភ្ញៀវទេសចរជាង ២ លាននាក់បានទៅលេងកោះសាមុយជារៀងរាល់ឆ្នាំ ដោយធ្វើដំណើរតាមរយៈសាឡាងទូកដឹកទំនិញ ឬ យន្តហោះ ហើយពេលមានបុណ្យធំៗម្ដងភ្ញៀវទេសចរណ៍ត្រូវតម្រង់ជួរយ៉ាងយូរសម្រាប់ធ្វើដំណើរ៕

អត្ថបទ៖ លីនី
ប្រភព៖ Bangkokpost