ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន Aeon Co. បានប្រកាសពីការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់ខ្លួនជាលើកដំបូងបំផុត ក្នុងរយៈពេល ២៣ឆ្នាំ ដោយតែងតាំងអនុប្រធានប្រតិបត្តិលោក Akio Yoshida អាយុ ៥៩ឆ្នាំ ឱ្យបន្តតំណែងធ្វើជាប្រធានជំនួសលោក Motoya Okada វ័យ៦៨ឆ្នាំ ដែលបានកាន់តំណែងនេះតាំងពីថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៩៧ មកម្ល៉េះ។ ក្រោមការដឹកនាំថ្មីរបស់ Akio Yoshida ដែលសព្វថ្ងៃទទួលបន្ទុកខាងផ្នែកបច្ចេកវិទ្យាព័ត៌មាន នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ Aeon ដើម្បីពង្រឹងអាជីវកម្មឌីជីថលរបស់ខ្លួន។
អ៊ីអនមានគោលបំណងពង្រឹងការលក់តាមអ៊ិនធឺណេត និងប្រតិបត្តិការឌីជីថលផ្សេងទៀត ក្រោមការគ្រប់គ្រងថ្មីដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរឹង ជាមួយពួកហាងលក់រាយ និងគូប្រជែងដទៃ។ ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រលោក Motoya Okada បានឱ្យដឹងថា៖ «យើងបានជ្រើសរើសបុគ្គល ដែលនឹងអាចធ្វើការទស្សន៍ទាយគោលដៅបានច្បាស់ នៅពេលដែលការផ្លាស់ប្តូរត្រូវកើតឡើងយ៉ាងឆាប់រហ័ស»។ ចំណែកលោកប្រធានថ្មី Akio Yoshida ក៏បានបន្ថែមដែរថា៖ «ខ្ញុំនឹងព្យាយាមបំពេញភារកិច្ចរបស់ខ្ញុំ ដោយមិនឱ្យបាត់បង់ទិសដៅនៃកំណែទម្រង់ទេ»។
ជាក់ស្តែង Aeon នៅថ្ងៃដដែលក៏បានរាយការណ៍ពីការខាតបង់របស់ក្រុមហ៊ុនរហូតដល់ទៅ ៦.៣ពាន់លានយេន (៥៨លានដុល្លារ) ក្នុងរយៈពេល ៩ខែ គិតត្រឹមខែវិច្ឆិកា ធៀបនឹងប្រាក់ចំណេញសុទ្ធ ៦០០លានយេន កាលពីឆ្នាំមុនមួយទៀតផងដែរ។ នេះប្រហែលជាមូលហេតុដែលពួកគេត្រូវការផ្លាស់ប្ដូរកំណែទម្រង់ថ្មី ដើម្បីឱ្យការលក់របស់ពួកគេមិនខាតតទៅទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ japantimes


