សិង្ហបុរីបានផ្ដាច់ខ្លួនចេញពីប្រទេសម៉ាឡេស៊ីទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៦៥ ប្រែក្លាយជាកូនកោះដ៏ក្រីក្រមួយ ក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្រ្តីដំបូងបង្អស់គឺលោក លីក្វាន់យូ ដែលជានាយករដ្ឋមន្រ្តីកាន់អំណាចយូរជាងគេគឺតាំងពីឆ្នាំ ១៩៥៩ រហូតដល់ឆ្នាំ ១៩៩០។ ក្រោយពីការផ្ដាច់ខ្លួនចេញពីម៉ាឡេស៊ី សិង្ហបុរីត្រូវប្រឈមនឹងបញ្ហាជាច្រើនរាប់មិនអស់ រួមមានភាពអត់ការងារធ្វើយ៉ាងច្រើន កង្វះខាតផ្ទះសម្បែង កង្វះខាតដីធ្លី ប្រជាជនមិនមានការអប់រំ ហើយប្រជាជនភាគច្រើនជាជនអន្តោប្រវេសន៍សដែលមានចម្រុះជាតិសាសន៍ ជាប្រទេសវ័យក្មេង តូច និងងាយរងគ្រោះ។
នៅលើផ្ទៃដីដែលជាកូនកោះប្រមាណ ៥៨២គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណជាង ២ លាននាក់មិនមានភាពងាយស្រួលនោះទេ ខណៈដែលប្រទេសដ៏តូចមួយនេះមិនមានធនធានធម្មជាតិគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ដូចជា ទឹក និងប្រេងជាដើម។ ដូច្នេះហើយមនុស្សជាច្រើនមិនជឿថារដ្ឋនៅលើកោះមួយនេះនឹងទទួលបានជោគជ័យនោះទេ ប៉ុន្តែក្រោមការដឹកនាំរបស់លោក លី ក្វាន់យូ បានរៀបចំផែនការ និងសកម្មភាជាក់ស្ដែងជាមួយក្រុមការងាររបស់គាត់ជាច្រើន ដើម្បីប្រែក្លាយសិង្ហបុរីពីកូនកោះដ៏កំសត់ទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតមួយលើពិភពលោក។

គិតមកទល់នេះអស់រយៈពេលជាង ៥០ឆ្នាំមកហើយ សិង្ហបុរីទទួលបានជោគជ័យក្នុងការកែប្រែខ្លួនឯងពីប្រទេសដ៏តូចមួយទៅជាប្រទេសដែលមានសុវត្ថិភាពបំផុតលើពិភពលោក ពីប្រទេសក្រីក្រមកជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនខណៈដែលទំនិញគ្រប់យ៉ាងសុទ្ធតែនាំចូល។ មិនតែប៉ុណ្ណោះកែប្រែពីប្រជាជនដែលខ្វះការអប់រំ មកជាប្រជាជនមានចំណេះដឹងខ្ពស់បំផុត មានទឹកប្រើប្រាស់គ្រប់គ្រាន់ទោះបីជាមិនមានធនធានធម្មជាតិ មិនមានអំពើពុករលួយ រូបិយប័ណ្ណដែលមានស្ថេរភាពបំផុត ប្រព័ន្ធដឹកជញ្ជូនសាធារណៈល្អបំផុត សេវាសាធារណៈមួយដ៏មានប្រសិទ្ធភាព អាកាសយានដ្ឋានល្អ ក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត លិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតមួយ ជាពិសេសប្រែក្លាយពីកំពង់ផែទៅជាតំបន់សេដ្ឋកិច្ចដ៏ពិសេសមួយដែលពិភពលោកទទួលស្គាល់៕



អត្ថបទ៖ លីនី


