វៀតណាមនឹងកាន់តែមានការប្រកួតប្រជែងបន្ថែមទៀត បន្ទាប់ពីមានទាំង CPTPP និង EVFTA នៅក្នុងដៃ
សេដ្ឋកិច្ច December 7, 2019 Khmernote

ប្រធានមជ្ឈមណ្ឌលទ្រទ្រង់សមាហរណកម្មអន្តរជាតិទីក្រុងហូជីមិញលោក Pham Binh An បានថ្លែងនៅក្នុងសន្និសីទសេដ្ឋកិច្ចថា កិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប-វៀតណាម (EVFTA) នឹងជួយបង្កើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាមបាន ៤.៣% និង ១.៣% នៅឆ្នាំ២០៣០ បន្ទាប់ពីថ្មីៗនេះពួកគេទើបតែទទួលបានកិច្ចព្រមព្រៀង EVFTA ពីអឺរុប។ ការដឹកជញ្ជូនទៅសហជីពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងកើនឡើង ៤៤% នៅឆ្នាំ២០៣០ ខណៈដែលប្រទេសសមាជិកនៃ CPTPP ត្រូវបានគេរំពឹងថា នឹងកើនឡើង ១៤.៣% នៅឆ្នាំ២០៣៥។ ដូច្នេះការទទួលបានកិច្ចព្រមព្រៀង EVFTA នឹងជួយឱ្យប្រទេសនេះអាចកាត់បន្ថយថ្លៃពាណិជ្ជកម្ម ក៏ដូចជាជំរុញដល់បរិយាកាសអាជីវកម្មថែមទៀត។

ប៉ុន្តែយ៉ាងណាសារព័ត៌មានវៀតណាមបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរនឹងដាក់សម្ពាធលើរដ្ឋាភិបាលក្នុងការកែលម្អអភិបាលកិច្ចស្ថាប័ន ក៏ដូចជាបរិយាកាសធុរកិច្ចបន្ថែមទៀត ដោយសារតែតម្រូវការដែលមាននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែច្រើន ហើយផលិតផលត្រូវតែធ្វើឱ្យស្របតាមស្ដង់ដារអន្តរជាតិ។ រហូតមកដល់ឆ្នាំមុននេះ ប្រទេសវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ ជាមួយប្រទេសចំនួន ៦០ ដែលទាំងអស់នេះវាបានផ្តល់ឱកាសដល់វៀតណាមក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន។ ហើយក្រៅពីការបង្កើនការនាំចេញ FTAs ​​បានជួយលើកកម្ពស់កំណែទម្រង់រដ្ឋបាល កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសមភាពក្នុងការទទួលបានធនធានឱ្យវៀតណាមទៀតផង៕

អត្ថបទ៖ លីដា