ទំហំពាណិជ្ជកម្ម កម្ពុជា ខេត្តគ័រងស៊ី រំពឹងកើនដល់៨០លានដុល្លារនៅឆ្នាំ២០១៩នេះ
សេដ្ឋកិច្ច September 25, 2019 Khmernote

ភ្នំពេញ៖លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ខេត្តគ័រងស៊ី គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលមានដៃគូពាណិជ្ជកម្មសំខាន់សម្រាប់កម្ពុជា ។ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តគ័រងស៊ី មានចំនួន ៥៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ហើយរំពឹងនឹងកើនឡើងប្រហែល ៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។

លោករដ្ឋលេខាធិការ បានឱ្យដឹងដូច្នេះក្នុងឱកាសលោកថ្លែងផ្សព្វផ្សាយអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី កាលពីថ្ងៃទី២២ខែ កញ្ញា ឆ្នាំ២០១៩នៅទីក្រុងណាននីង។

លោកបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-ចិន កើនឡើងជារៀងរាល់ឆ្នាំ និងបញ្ជាក់អំពីមិត្តភាពយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ។ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ ស្តីពី “កម្ពុជាកសាងទិសដៅថ្មី ដើម្បីទាក់ទាញធុរជន វិនិយោគិន និងអ្នកទេសចរ ពីប្រទេសចិន” នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ “អាស៊ាន-ចិន លើកទី១៦” លោក ឈួន ដារ៉ា ក៏បានលើកឡើងអំពីកំណែទម្រង់ និងវិធានការសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលប្រតិបត្តិការធុរកិច្ចរបស់ផ្នែកឯកជន សំដៅពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ជាពិសេសទាក់ទាញការបណ្តាក់ទុនថ្មីៗពីបរទេស លើវិស័យសំខាន់ៗដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

បន្ថែមលើសពីនេះ លោករដ្ឋលេខាធិការ ក៏បានអំពាវនាវ ដល់ធុរជន វិនិយោគិន និងអ្នកទេសចរ នៅសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសនៅខេត្តគ័រងស៊ី អញ្ជើញមកទស្សនកិច្ច និងធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕