ចិនគ្រោងវិនិយោគវារីអគ្គីសនីមួយទៀតនៅតាតៃលើអាចផលិតថាមពលបាន១៥០មេហ្គាវ៉ាត់
សេដ្ឋកិច្ច September 19, 2019 Khmernote

ភ្នំពេញៈក្រុមហ៊ុនចិន បានបង្ហាញអំពីគម្រោងវិនិយោគវារីអគ្គិសនីមួយទៀត នៅតំបន់តាតៃ ខេត្តកោះកុង។វារីអគ្គិសនីតាតៃខាងលើនេះ នឹងធ្វើឱ្យមានផលចំណេញខ្ពស់ ដោយសារតែខ្សែទឹកមួយអាចប្រើប្រាស់បានដល់២ដង។

ការបង្ហាញអំពីគម្រោងវិនិយោគលើវារីអគ្គីសនីថ្មីនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ណាន ឈុនហ៊ួយ (Nan Cunhui) នាយកប្រតិបត្តិ ក្រុមហ៊ុន ជិន គ្រុប (Chint Group) និងលោក លូ វិនជុន (Lu Wenjun) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ីណូម៉ាច៍ (Sinomach-HE) ចូលជួបសម្តែងការគួរសម និងពិភាក្សាទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ បានអភិវឌ្ឍន៍នូវគម្រោងវារីអគ្គីសនីតាតៃ នាពេលកន្លងមក ហើយកំពុងទទួលភាពជោគជ័យល្អ។ លោកបន្តថា ក្នុងជំនួបនេះ សម្ដេចបានសម្ដែងការស្វាគមន៍ ចំពោះគណៈប្រតិភូក្រុមហ៊ុនចិន ហើយបានលើកឡើងថា ការខិតខំគាំទ្រនៅក្នុងការវិនិយោគនៅកម្ពុជា របស់ក្រុមហ៊ុននេះ បានបង្ហាញនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងចិន។

ក្នុងជំនួបនេះ ប្រតិភូក្រុមហ៊ុន បានលើកឡើងនូវគម្រោងវិនិយោគមួយទៀត គឺវារីអគ្គិសនីតាតៃខាងលើ ដែលអាចផលិតបាន ថាមពល១៥០មេហ្គាវ៉ាត់។ ខណៈវារីអគ្គីសនី ដែលដំណើរការកន្លងមកនេះ គឺតាតៃខាងក្រោម ដែលអាចផលិត ថាមពលអគ្គីសនី២៤០មេហ្គាវ៉ាត់ ដូច្នេះខ្សែរទឹកតែមួយ តែអាចប្រើប្រាស់បាន២ដង ផ្ដល់ឱ្យមានភាពចំនេញ ហើយវានឹងជួយអគ្គិសនីកម្ពុជា ដែលកំពុងតែត្រូវការ ស្របតាមការវិវឌ្ឍ ជឿនលឿនរបស់ប្រទេស។

ក្នុងនោះដែរ ប្រតិភូក្រុមហ៊ុន ក៏បានលើកពីគម្រោងកសាងរោងចក្រ ដើម្បីផលិតឧបករណ៍ ដើម្បីបម្រើលើវិស័យថាមពល រួមទាំងផ្ទាំងសូឡា និងអគ្គីសនីកើតឡើងវិញ ដោយទាំងនេះ វានឹងជួយដល់ការការពារបរិស្ថានផង ការសន្សំសំចៃភ្លើងផង ព្រោះតាមការឱ្យដឹង ផលិតនោះ គឺមានគុណភាពខ្ពស់ ធ្វើឱ្យការប្រើប្រាស់អគ្គីសនី មិនប្រើថាមពលច្រើន ដែលជាការជួយបន្ថយការប្រើប្រាស់ថាមពល និងជួយបរិស្ថាន ដែលនេះគឺជាការរួមចំណែក ដល់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរខ្លាំង ទៅលើការអភិវឌ្ឍ វិស័យថាមពលអគ្គិសនីនេះ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ពីមុនយើងមានធនធានមនុស្ស ហើយអគ្គិសនី ក៏ជាអទិភាពមួយដែរ។ ដោយសារថាកំណើនការអភិវឌ្ឍន៍កម្ពុជា ការសាងសង់មានច្រើនលឿន។  សម្តេចបន្តថា ពីមុនកម្ពុជាប្រើប្រាស់ថាមពលអគ្គីសនី តែ៣៣មេហ្គាវ៉ាត់ រហូតដល់ពេលនេះ រាប់ពាន់មេហ្គាវ៉ាត់ ហើយនៅតែខ្វះខាតទៀត។ សម្ដេចបានស្វាគមន៍ ជាពិសេស គម្រោងអភិវឌ្ឍន៍តាតៃខាងលើ ដែលខ្សែទឹកតែមួយ អាចប្រើប្រាស់បាន២ដង ដូច្នេះគឺជាការចំនេញ ហើយវានឹងជួយកាត់បន្ថយនូវការលំបាក របស់រាជរដ្ឋាភិបាល ដែលបញ្ហានេះ សម្ដេចបានផ្ដល់អារម្មណ៍ថា ពីមុនយើងគិតគូរតែប្រើប្រាស់តែក្នុងក្រុង និងទីប្រជុំជនធំៗតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះអគ្គីសនី ត្រូវចែកចាយនៅទូទាំងប្រទេស ដល់ប្រជាជនគ្រប់ស្រទាប់ទាំងអស់៕

អត្ថបទ៖ សុផល