ក្រោយការធ្លាក់ចុះភ្ញៀវនៅសៀមរាប រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រ៤ ដើម្បីគាស់រំលើងបញ្ហាចេញ និងកាយយកកំណើនភ្ញៀវទេសចរមកវិញ
សេដ្ឋកិច្ច September 17, 2019 Khmernote

ក្រោយមានការធ្លាក់ចុះភ្ញៀវទេសចរនៅគោលដៅសៀមរាប-អង្គរ គណៈកម្មការអន្តរក្រសួងបានប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ចំនួន៤ ជាចម្បង ដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរឡើងវិញ ខណៈតំបន់ដែលមានសក្ដានុពលសំខាន់ៗចំនួន៤ ក៏ត្រូវបានកំណត់ថាត្រូវតែអភិវឌ្ឍន៍ទៅគោលដៅ ទេសចរណ៍ទាក់ទាញជាចាំបាច់ផងដែរ។

ការប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រជាចាំបាច់នេះ ត្រូវបានធ្វើឡើងនាឱកាសកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន ដែលជាសមាជិកនៃគណៈកម្មការអន្តរក្រសួងជាច្រើននាក់ទៀត។ ដោយអង្គរប្រជុំបានប្រកាសដាក់ចេញគម្រោងផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងផែនការសកម្មភាពការងារអនុវត្តចំពោះមុខ រយៈពេលខ្លី ឆ្នាំ២០១៩-២០២០ ក្រោមទិសស្លោក «ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស»។

ផែននការយុទ្ធសាស្ត្រទាំង៤នោះ រួមមាន៖ ១-ពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ ២-បង្កើតភាពប្រកួតប្រជែង ៣-បង្កើតការតភ្ជាប់ និង ៤-បង្កើតអត្តសញ្ញាណថ្មីនៃតំបន់សៀមរាប។ ជាមួយគ្នានោះ គណៈកម្មការអន្តរក្រសួងបានកំណត់យកតំបន់បឹងទន្លេសាប ភ្នំគូលែន ទីក្រុងសៀមរាប និងតំបន់ជុំវិញ ជាតំបន់ដែលត្រូវអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មី ក្រៅពីប្រាសាទអង្គរ។

បន្ថែមពីនេះដើម្បីត្រៀមខ្លួនទទួលវត្តមានភ្ញៀវទេសចរ ដែលនឹងមានការកើនឡើងនាពេលខាងមុខនោះ គណៈកម្មការអន្តរក្រសួងនេះក៏មានគម្រោងសិក្សាបង្កើតក្រុងសៀមរាបថ្មីមួយ ដែលមានការអនុញ្ញាតឱ្យមានការកសាងអគារទំនើបៗ និងត្រូវមានអាកាសយានដ្ឋានអន្តរជាតិធំថ្មីនៅទីនោះផងដែរ។ ក្រុងសៀមរាបថ្មីនេះ ត្រូវបានបង្ហើបថាមានទីតាំងស្ថិតនៅទិសខាងកើតក្រុងសៀមរាបបច្ចុប្បន្ន មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ដើម្បីគាស់រំលើងបញ្ហាចេញ និងកាយយកកំណើនភ្ញៀវទេសចរមកវិញ ក្រោយការធ្លាក់ចុះភ្ញៀវនៅសៀមរាប ដោយអនុវត្តតាមយុទ្ធសាស្ត្រ៤ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល៕