ការនាំចេញត្បូង និងគ្រឿងអលង្ការថៃ បានកើនឡើងជិត ៣០% ក្នុងរយៈពេលជាងពាក់កណ្ដាល ឆ្នាំ២០១៩
សេដ្ឋកិច្ច September 6, 2019 Khmernote

តម្លៃនៃការនាំចេញត្បូង និងគ្រឿងអលង្ការ បានកើនឡើង ២៩% ក្នុងរយៈពេល ៧ខែកន្លងមកនេះ ទោះបីជាលក្ខខណ្ឌពាណិជ្ជកម្មមិនអំណោយផលជាមួយនឹងការឡើងថ្លៃប្រាក់បាតក៏ដោយ។ នាយកវិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃលោក Duangkamol Jiambutr បានប៉ាន់ស្មានតម្លៃនៃការនាំចេញចាប់ពីខែមករា ដល់ខែកក្កដា ជាមួយនឹងតម្លៃ ៩ពាន់លានដុល្លារអាមេរិក ឬ ២៨០ពាន់លានបាត ដែលស្មើនឹង ២៩.៣% ធៀបនឹងឆ្នាំមុន។ ការនាំចេញមាសគឺនាំមុខគេ ជាមួយការកើនឡើងតម្លៃ ៧២.៧% ស្របនឹងតម្លៃមាសពិភពលោក។

ក្នុងជម្លោះពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប និងអ៊ីរ៉ង់ វិនិយោគិនបន្តមើលឃើញថា មាសជាការភ្នាល់មានសុវត្ថិភាព ហើយពាណិជ្ជកម្មបានកើនឡើងជាលំដាប់។ ទីផ្សារនាំចេញត្បូង និងគ្រឿងអលង្ការឈានមុខគេរបស់ប្រទេសថៃ គឺប្រទេសស្វីសជាមួយនឹង ៥៦% នៃតម្លៃនាំចេញសរុប បន្ទាប់មកគឺប្រទេសសិង្ហបុរី និងកម្ពុជា។ តម្លៃនៃការនាំចេញគ្រឿងអលង្ការរបស់ថៃក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានកើនឡើង ១០៨.៣% ក្នុងរយៈពេល ៧ខែ ដូចគ្នានេះ។

ប្រទេសសិង្ហបុរីមានចំណែក ៨២% នៃការកើនឡើងឆ្នាំនេះ ដែលស្មើនឹងការកើនឡើង ១៧៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃនៃការនាំចេញដែលបានមកពីតម្រូវការនៅក្នុងប្រទេសឥណ្ឌា បានកើនឡើង ៩១% ជាពិសេសវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។ លោក Duangkamol Jiambutr និយាយថា ការនាំចេញត្បូង និងគ្រឿងអលង្ការថៃទទួលបានអត្ថប្រយោជន៍ពីការដាក់ពន្ធលើផលិតផលចិន របស់ទីក្រុងវ៉ាស៊ីនតោន ដែលវាបានបើកទ្វារឱ្យថៃទៅកាន់ទីផ្សារអាមេរិកកាន់តែទូលំទូលាយ។ យ៉ាងណាក៏ដោយប្រទេសថៃត្រូវតែឃ្លាំមើលភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ ការតវ៉ារបស់ហុងកុង និងផលប៉ះពាល់នៃការឡើងថ្លៃប្រាក់បាតបន្ថែមទៀត៕

អត្ថបទ៖ លីដា