ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តយល់ព្រមឱ្យក្រុមហ៊ុនចំនួនពីរមកវិនិយោគនៅលើវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតកេសកាតុងនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំងពីរមានទុនវិនិយោគជាង៦លានដុល្លារអាម៉េរិក និងផ្តល់ការងារប្រមាណជិត១០០០កន្លែង។
យោងតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនទាំងពីរគឺ៖
១- “SUO FEIYA (CAMBODIA) APPAREL CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកពាក់សត្វចិញ្ចឹម ប៉ាក់ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៣កន្លែង។
២- “HYUNDAI PACKAGING (CAMBODIA) II CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០២ កន្លែង៕
អត្ថបទ៖ សុផល


