ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយ៣១ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់កុមារពិការក្នុងប្រព័ន្ធអប់រំនៅកម្ពុជា។ពិធីចុះហត្ថលេខាផ្ដល់ជំនួយនេះ ត្រូវធ្វើឡើងនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២ ខែសីហាឆ្នាំ២០១៩។ គម្រោងទឹកប្រាក់៣១ម៉ឺនដុល្លារនេះ នឹងជួយដល់កុមារពិការកម្រិតធ្ងន់ឲ្យទទួលឱកាសក្នុងការអប់រំជាមួយកុមារធម្មតា រួមទាំងការសាងសង់មជ្ឈមណ្ឌលបង្គោលដើម្បីជួយគាំទ្រគ្រូបង្រៀនតាមសាលាក្នុងមូលដ្ឋានជាប្រចាំផងដែរ។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖រដ្ឋាភិបាលជប៉ុនផ្ដល់ថវិការប្រមាណ៣១ម៉ឺនដុល្លារ ដល់អង្គការ AAR Japanក្នុងគោលដៅ លើកកម្ពស់ ការអប់រំបរិយាប័ន្ន នៅទូទាំងប្រទេសកម្ពុជា។ គម្រោងនេះ នឹងអាចឲ្យកុមាររៀន ដោយមិនគិតពីពិការភាពនិងអនុវត្តសកម្មភាព ដើម្បីគាំទ្រដល់គណៈកម្មការគាំទ្រជនពិការថ្នាក់រដ្ឋបាលឃុំ។ តាមរយៈគម្រោងនេះលោករំពឹងថា ប្រជាជននឹងយល់ពីតម្លៃនៃការអប់រំបរិយាបន្ន កាន់តែស៊ីជម្រៅហើយ បរិយាកាសសិក្សាសម្រាប់សិស្ស ដែលមានពិការភាពនៅកម្ពុជា នឹងត្រូវបានកែលម្អ។
កញ្ញា សាតូមិ ម៉ូកៃ នាយិកាស្ដីទីប្រចាំប្រទេសកម្ពុជានៃអង្គការ AAR Japan បាននិយាយថា អង្គការកំពុងអនវុត្តគម្រោងនេះ ដោយសហការជាមួយមន្ត្រីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋក្នុងសហគមន៍ រួមបញ្ចូលទាំងគ្រូបង្រៀន តាមរយៈការប្រើវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ដូចជា ការសាងសង់បរិស្ថានមិនមានឧបសគ្គ ការបំប៉នសមត្ថភាពគ្រូបង្រៀន ការគាំទ្រចាំបាច់សម្រាប់កុមារពិការ និងការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយការយល់ដឹង ស្តីពីពិការភាពសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ជាដើម។
កន្លងមកអង្គការ AAR Japan មានគម្រោងក្នុងខេត្តកណ្ដាលរយៈពេល៣ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៥។ ទន្ទឹមគ្នាដែរ អង្គការ AAR Japan នឹងបង្កើតប្រព័ន្ធវាតម្លៃការអប់រំបរិយាបន្នក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ។ ចាប់តាំងពីបង្កើតការិយាល័យក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៩០មក អង្គការ AAR Japan បានអនុវត្តសកម្មភាពជាច្រើន ដូចជា ដំណើរការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈសម្រាប់ជនពិការ និងរោងជាងរទេះរុញជាដើម៕
អត្ថបទ៖ សុផល


