អាមេរិកនឹងដាក់ពន្ធ ១០ភាគរយ លើពន្ធទំនិញចិនតម្លៃ ៣០០ពាន់លានដុល្លារ បន្ថែមទៀត
សេដ្ឋកិច្ច August 2, 2019 Khmernote

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា នេះតទៅ លោកនឹងដាក់ពន្ធបន្ថែមចំនួន ១០ភាគរយ ទៅលើផលិតផលចិន ដែលមានតម្លៃ ៣០០ពាន់លានដុល្លារ។ លោកបានសរសេរថា ចំនួនគោលដៅនេះគឺមិនរាប់បញ្ចូលពន្ធ ២៥% លើទំនិញចិនដែលមានតម្លៃ ២៥០ពាន់លានដុល្លារ នោះទេ។

គួរឱ្យដឹងដែរថា លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្លាប់បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូល G20 នៅខែមិថុនា ដើម្បីបន្តកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញ។ ប៉ុន្តែការចរចាថ្នាក់រដ្ឋមន្រ្តីនៅទីក្រុងសៀងហៃកាលពីដើមសប្តាហ៍នេះ មិនបានធ្វើឱ្យមានការរីកចម្រើនទេ។

យ៉ាងណាមិញលោក ត្រាំ បានពណ៌នាការចរចានេះថា ជាការស្ថាបនាមួយដែរ។ ប៉ុន្តែលោកបានបន្ថែមថា ប្រទេសចិនមិនបានគោរពកិច្ចព្រមព្រៀងរបស់ខ្លួនក្នុងការទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិកក្នុងបរិមាណច្រើននោះទេ។ លោក ត្រាំ បានសរសេរថា៖ «យើងទន្ទឹងរង់ចាំបន្តការសន្ទនាជាវិជ្ជមានរបស់យើងជាមួយចិន ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយជាថ្មី»៕

អត្ថបទ៖ លីដា