ទោះបីជាការនាំចេញធ្លាក់ចុះ ប៉ុន្តែពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរបស់ថៃនៅតែរឹងមាំ
សេដ្ឋកិច្ច August 1, 2019 Khmernote

ទោះបីជាការអនុវត្តការនាំចេញរបស់ប្រទេសថៃមិនសូវល្អក៏ដោយ តែពាណិជ្ជកម្មតាមព្រំដែន និងឆ្លងកាត់ព្រំដែនបានបន្តកើនឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ ដែលកើនឡើង ១.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះផងដែរនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរួមរបស់ថៃ រួមទាំងពាណិជ្ជកម្មឆ្លងកាត់មានចំនួន ៦៨៦,៤៣ ពាន់លានបាតគិតត្រឹមខែមិថុនាក្នុងឆ្នាំនេះ ដោយពាណិជ្ជកម្មឆ្លងកាត់ពាក់ព័ន្ធទៅនឹងអាជីវកម្មក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសជាច្រើន។

គួររំលឹកផងដែរថាការនាំចេញនៅឆមាសទី១ មានចំនួនសរុប ៣៨១.៧០ ពាន់លានបាតពោលគឺធ្លាក់ចុះ ០.៩៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលកើនឡើងជិត ៤% ស្មើនឹង ៣០៤,៧៣ ពាន់លានបាតដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មមានចំនួន ៥,២៨ ពាន់លានបាត។ បន្ថែមពីនេះពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយប្រទេសជិតខាងទាំងបួនមានចំនួន ៥៥៣,៤២ ពាន់លានបាតដែលបង្ហាញពីការធ្លាក់ចុះ ០.០៤% ក្នុរយៈពេល ៦ ខែកន្លងមក ដោយការនាំចេញមានចំនួន ៣១២,២២ ពាន់លានបាតធ្លាក់ចុះជិត ៤% ហើយការនាំចូលមានតម្លៃ ២៤១,១៩ ពាន់លានបាតកើនឡើង ៥.៦% ។

ទោះបីជាយ៉ាងណាក៏ដោយ ម៉ាឡេស៊ីនៅតែជាដៃគូធំបំផុតសម្រាប់ពាណិជ្ជកម្មតាមព្រំដែនដោយមានពាណិជ្ជកម្មទ្វេភាគីមានចំនួន ២៧១,៦០ ពាន់លានបាត បន្ទាប់មកគឺមីយ៉ាន់ម៉ា (១០២,២០ ពាន់លានបាត) ឡាវ (៩៩,៣៩ ពាន់លានបាត) និងកម្ពុជា (៨០,២២ ពាន់លានបាត) ។ ជាមួយគ្នានេះដែរ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ជាមួយសិង្ហបុរី វៀតណាម និងភាគខាងត្បូងប្រទេសចិននៅតែរឹងមាំក្នុងរយៈពេលនេះដែលមានចំនួនសរុប ១៣៣,០១ ពាន់លានបាតកើនឡើង ៦.៥% ហើយការនាំចេញបានកើនឡើង ១៥.១% ស្មើនឹង ៦៩,៤៨ ពាន់លានបាត ខណៈការនាំចូលបានធ្លាក់ចុះ ១.៦% ស្មើនឹងតម្លៃ ៦៣,៥៣ ពាន់លានបាត។ បន្ថែមពីនេះអគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស នៅតែរំពឹងថាសកម្មភាពពាណិជ្ជកម្មតាមព្រំដែននឹងល្អប្រសើរឡើងវិញនៅក្នុងឆមាសទី២ នៃឆ្នាំនេះ និងប្តេជ្ញាបន្តសកម្មភាពដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែនរួមទាំងកម្មវិធីអភិវឌ្ឍន៍បណ្តាញសហគ្រិនវ័យក្មេងដែលផ្តួចផ្តើមដោយរដ្ឋាភិបាលផងដែរ៕

អត្ថបទ៖ លីនី