ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការថែររក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរចាប់តាំងពីឆ្នាំ២០០៤ មក អាជ្ញាធរជាតិអប្សរា បានដាក់ចេញនូវគោលនយោបាយបរិស្ថានសម្រាប់រមណីយដ្ឋានអង្គរ ដោយផ្តោតលើគោលការណ៍មួយចំនួនដូចជា៖ ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយសារទេសចរណ៍ , ការថែរក្សាស្ទឹង បឹងបួ ប្រឡាយ ព្រៃឈើ សម្បត្តិធម្មជាតិទាំងឡាយ បង្កើនការអប់រំ ផ្សព្វផ្សាយ ជំរុញការអនុវត្តច្បាប់ និងបញ្ញត្តិឱ្យបានទូលំទូលាយ និងការចូលរួមសកម្មភាពបរិស្ថានពីសំណាក់មន្រ្តី បុគ្គលិក មហាជន និងស្ថាប័នពាក់ព័ន្ធ។ល។ ហើយតាមរយៈគោលការណ៍នេះ បានធ្វើឱ្យអាជ្ញាធរជាតិអប្សរា ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការគុណភាពគ្រប់គ្រងបរិស្ថាន ISO 14001 ចំនួន៥លើកផ្ទួនគ្នាពីស្ថាប័នធានាគុណភាពជប៉ុន JQA តាំងពីឆ្នាំ២០០៦មក ។
ឯកឧត្តម យិត ចាន់ដារដ្ឋ បានឱ្យដឹងទៀតថា ជាការអនុវត្តជាក់ស្តែងក្នុងឆ្នាំ២០០៨ អាជ្ញាធរជាតិអប្សរាបានបង្កើតស្ថានីយ៍កសិកម្មធម្មជាតិស្ពានអង្គរ ស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត លើផ្ទៃដីទំហំជាង៧ហិកតា ដែលជាកន្លែងផលិតជីកំប៉ុស្ត៍យ៉ាងសកម្មសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះកសិកម្មក្នុងរមណីយដ្ឋានអង្គរ ក្នុងនោះសំរាមជាច្រើននៅក្នុងរមណីយដ្ឋានអង្គរ និងក្រុងសៀមរាបត្រូវបានកាត់បន្ថយ តាមរយៈការដើរប្រមូលសំណល់ស្រស់ និងសំណល់ស្ងួតជារៀងរាល់ថ្ងៃ មកផលិតជាជីកំប៉ុស្ត៍ ដោយក្នុងមួយឆ្នាំផលិតបានចំនួន ៨០តោន ហើយសម្រាប់ផែនការទៅអនាគត ស្ថានីយ៍នេះ នឹងបង្កើនការផលិតឱ្យបាន១៦០តោនក្នុងឆ្នាំ២០២០ ព្រមទាំងបង្កើតស្ថានីយ៍ផលិតជីកំប៉ុស្តនៅតាមកន្លែងផ្សេងទៀតផងដែរ ដូចជា នៅស្ថានីយបណ្តុះកូនឈើភូមិធម្មជាតិរុនតាឯកជាដើម ។
ឯកឧត្តម យិត ចាន់ដារដ្ឋ បានឱ្យដឹងបន្ថែមថា ទន្ទឹមគ្នានេះ គោលការណ៍គ្មានផ្លាស្ទិចនេះ ក៏ត្រូវបានអនុវត្ត នៅក្នុងសួនគ្រឿងទេស និងស្ថានីយស្ពានអង្គរនេះផងដែរ ហើយអាជ្ញាធរជាតិអប្សរា ក៏បានបញ្ជូនក្រុមការងារជាប្រចាំ ដើម្បីបញ្ជ្រៀបចំណេះដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃសំរាម ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងរមណីយដ្ឋានអង្គរ ដោយបង្រៀនពួកគាត់អំពីភូមិស្អាត រមណីយដ្ឋានស្អាត រួមទាំងផលប្រយោជន៍នៃការបែងចែក វេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមទីកន្លែងកំណត់ ដូច្នេះ តាមរយៈនេះ សូមអំពាវនាវជាសាធារណៈ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវទេសចរជាតិទាំងអស់ សូមចូលរួមទប់ស្កាត់ការប្រើប្រាស់ផ្លាស្ទិច ការវេចខ្ចប់ និងទុកដាក់សំរាមត្រឹមត្រូវ ទៅតាមទីតាំងកំណត់ ដើម្បីបញ្ជៀសការប៉ះពាល់ដល់បរិស្ថាន និង បង្កើនសោភ័ណភាពរមណីយដ្ឋានអង្គរ ឲ្យកាន់តែមានភាពស្រស់ត្រកាល ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប


