ភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី បានធ្វើការពិភាក្សាទ្វេភាគីលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែនៅប្រទេសម៉ាឡេស៊ី និងការជំរុញឲ្យក្រុមហ៊ុនវិនិយោគិនម៉ាឡេស៊ីចូលមក វិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ កិច្ចពិភាក្សានេះបានត្រូវធ្វើឡើងកាលពីពេលថ្មីៗនេះរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នីទីស្តីការក្រសួងសាធារណការ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានព្រមព្រៀងគ្នាថា នឹងធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ពីរ ទីមួយទាក់ទងនឹងវិស័យអាកាសចរណ៍ស៊ីវិល ដែលលោកទេសរដ្ឋមន្ត្រីជំរុញឲ្យពិភាក្សាផ្ទាល់ជាមួយអាកាសចរណ៍ស៊ីវិលកម្ពុជា និងទីពីរទាក់ទងនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលោកឯកអគ្គរាជទូតម៉ាឡេស៊ីនឹងដឹកនាំគណៈប្រតិភូចុះទៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ ពិសេសដើម្បីឲ្យកំពង់ផែប្រទេសទាំងពីរបានសិក្សាស្វែងយល់គ្នាទៅវិញទៅមក និងសហការគ្នាបន្ថែមទៀតលើវិស័យនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន សម្តែងនូវការស្វាគមន៍ប្រទេសម៉ាឡេស៊ី ដែលបានសហការជាមួយប្រទេសកម្ពុជា ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន។ ជាមួយគ្នានេះផងដែរ លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានសន្យាថា នឹងជំរុញឲ្យវិនិយោគិន និងក្រុមហ៊ុនធំៗនៅម៉ាឡេស៊ី ដែលមានសមត្ថភាពកសាងផ្លូវថ្នល់ ពិសេសក្រុមហ៊ុនដែលកសាងផ្លូវថ្នល់ផ្អែកលើគោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ (BOT) មកធ្វើការសិក្សាស្វែងយល់ និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង ការដឹកជញ្ជូននៅកម្ពុជា៕
អត្ថបទ៖ សុផល


