ភ្នំពេញ៖ «ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងសកម្មភាពពាណិជ្ជកម្មអន្តរជាតិមានការថយចុះក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅតែបន្តភាពរឹងមាំ ដោយសារការគាំទ្រដោយកំណើនវិស័យកាត់ដេរ សំណង់និងទេសចរណ៍ គួបផ្សំនឹងការកើនល្បឿនបន្តិច នៃវិស័យកសិកម្ម»។ នេះជាការលើកឡើងរបស់ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងពិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ កាលពីថ្ងៃទី២៧ កក្កដា ២០១៩ នៅសាលប្រជុំធនាគារជាតិនៃកម្ពុជា។
លោក ជា ចាន់តូ មានប្រសាសន៍ថា វិស័យធនាគារ និងហិរញ្ញវត្ថុបានបន្តអភិវឌ្ឍ ប្រកបដោយភាពរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញ កំណើនសេដ្ឋកិច្ច។ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ១៩,២ភាគរយ (ឆ្នាំលើឆ្នាំ) ស្មើនឹង ១៦៦ភាគរយ នៃផ.ស.ស. ,ឥណទាន ១០៣ ភាគ រយ និងប្រាក់បញ្ញើ ៩២ភាគរយនៃផ.ស.ស។ គុណភាពសំពៀតឥណទានបន្តស្ថិតក្នុងស្ថានភាពល្អ ដោយអនុបាតឥណទានមិនដំណើរការមានកម្រិត ២,៣ភាគរយ សម្រាប់ គ្រឹះស្ថានធនាគារ និង ១,១ភាគរយ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោកបានបន្តថា ដើម្បីរក្សា ស្ថិរភាពហិរញ្ញវត្ថុឱ្យបានរឹងមាំ ធនាគារជាតិនៃកម្ពុជាបានបន្តពង្រឹងការត្រួតពិនិត្យផ្អែកលើហានិភ័យនិងទស្សនៈអនាគត ការដាក់ចេញនូវវិធានការម៉ាក្រូនិង មីក្រូប្រុងប្រយ័ត្ន កិច្ចការពារអតិថិជន និងការយល់ដឹងផ្នែក ហិរញ្ញវត្ថុរបស់ សាធារ ណជន។ ដើម្បីគាំទ្រការរីកចម្រើនសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហេដ្ឋារចនា សម្ព័ន្ធហិរញ្ញវត្ថុ ក៏ត្រូវបានអភិវឌ្ឍន៍ជាលំដាប់ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការ ធ្វើទំនើប កម្មប្រព័ន្ធទូទាត់ សំដៅលើកកម្ពស់សុវត្ថិភាព និងកាត់បន្ថយថ្លៃប្រតិបត្តិការ។ ប្រព័ន្ធសេវាទូទាត់រហ័ស (FAST System) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ និងប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ត្រូវបានអភិវឌ្ឍន៍ ដើម្បីអាចដាក់ឱ្យ ដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៩នេះ៕
អត្ថបទ៖ សុផល


