ភ្នំពេញ៖ ក្នុងគោលបំណង ដើម្បីពង្រឹង និងបន្តពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន-កម្ពុជា សាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ស្តង់ដោយឥតគិតថ្លៃមួយចំនួនសម្រាប់ភាគីកម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន ក៏ដូចជាការស្វែងរកដៃគូពាណិជ្ជកម្មនៅក្នុងពិព័រណ៍មេគង្គ-ឡានឆាង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តយូណាន ប្រទេសចិន។
ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ ពាណិជ្ជករ អាជីវករ ដែលជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមានចំណាប់អារម្មណ៍ អញ្ជើញចូលរួមផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ខ្លួនឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្មក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ។
សូមជម្រាបថា៖ សភាពាណិជ្ជកម្មអន្តរជាតិប្រទេសចិន ក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិខេត្តយូណាន រដ្ឋបាលក្រុងគុនមិញ និងក្រុមហ៊ុន Yunnan Metropolitan Construction Investment នឹងសហការរៀបចំ “ពិព័រណ៍មេគង្គ-ឡានឆាង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តយូណាន ប្រទេសចិន។
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយ ត្រូវបានទទួលស្គាល់ ទាំងក្នុងតំបន់ និងពិភពលោក ហើយទទួលបានជោគជ័យជាច្រើនឆ្នាំមកហើយ ដោយផ្តោតលើផលិតផលចម្រុះ ដែលមានគុណភាពខ្ពស់។ ពិព័រណ៍ពាណិជ្ជកម្មនេះនឹងត្រូវរៀបចំឡើង ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិជាច្រើន មកពីបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន និងពិភពលោក (អ្នកចូលរួមនឹងមានចំនួន ១០,០០០ក្រុមហ៊ុន) ដោយមានការដាក់តាំងបង្ហាញនូវផលិតផលគុណភាពខ្ពស់ដូចជាវត្ថុអនុស្សាវរីយ៍ សម្ភារៈគេហដ្ឋាន សុខភាព និងសម្រស់ សម្លៀកបំពាក់ ផលិតផលសម្រាប់ទារកនិងកុមារ អាហារនិងភេសជ្ជៈ និងបច្ចេកវិទ្យាឆ្លាតផ្សេងៗទៀត ៕
អត្ថបទ៖ សុផល


