ការងារជាង ៤០០កន្លែង កំពុងរង់ចាំនិស្សិតនៅពិព័រណ៍ការងារ CJCC
សេដ្ឋកិច្ច July 23, 2019 Khmernote

ភ្នំពេញ៖ ការងារជាង៤០០ កន្លែង កំពុងរង់ចាំនិស្សិតនៅឯពិព័រណ៍ការងារ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)នាសប្តាហ៍ក្រោយ។ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹងរៀបចំ “ពិព័រណ៍ការងារប្រចាំខែកក្កដា ឆ្នាំ២០១៩- ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅ CJCC។ សិស្សនិស្សិត បុគ្គលិកស្ថាប័នផ្សេងៗ និងអ្នកស្វែងរកការងារប្រមាណ ៥០០នាក់ នឹងអញ្ជើញចូលរួមក្នុងពិព័រណ៍ការងារនេះ។

តំណាងគណៈគ្រប់គ្រងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុនក៏ដូចជាក្រុមហ៊ុនផ្សេងៗចំនួន ២៤ នឹងអញ្ជើញចូលរួមធ្វើបទបង្ហាញពីសក្តានុភាពនៃសេដ្ឋកិច្ចកម្ពុជា និងធ្វើការជ្រើសរើសបុគ្គលិក នៅក្នុងពិព័រណការងារនេះ។

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រៀបចំពិព័រណ៍ការងារនេះឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសដល់សិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើបានឲ្យជួបដោយផ្ទាល់ជាមួយក្រុមហ៊ុនជប៉ុននិងក្រុមហ៊ុនផ្សេងទៀតដែលកំពុងតែស្វែងរកបុគ្គលិក។ ក្រុមហ៊ុនទាំងអស់នេះនឹងផ្តល់ឱកាសការងារជាង ៤០០ កន្លែង ទៅដល់អ្នកសិស្សនិស្សិត អ្នកស្វែងរកការងារធ្វើ ជាពិសេស ពួកគេអាចធ្វើការសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងតែម្តង៕

អត្ថបទ៖ សុផល
រូបភាព៖ Cambodia-Japan Cooperation Center