ក្រុមហ៊ុនរកស៊ីនៅហុងកុងនាំគ្នាត្អូញត្អែររកមិនសូវបាន ដោយសារជំលោះពាណិជ្ជកម្មអាមេរិក-ចិន និងភាពចលាចលក្នុងប្រទេស
សេដ្ឋកិច្ច July 23, 2019 Khmernote

ហុងកុង៖ ក្រុមហ៊ុនលក់រាយដូចជាផ្សារទំនើប Aeon (ហុងកុង) ក្រុមហ៊ុន Bonjour Holdings និងក្រុមហ៊ុន Giordano International បានទទួលរងផលប៉ះពាល់ពីជំលោះពាណិជ្ជកម្មអាមេរិក និងចិន ក៏ដូចជាភាពចលាចលនៅក្នុងទីក្រុង នេះបើយោងតាមទស្សនវិស័យរបស់ក្រុមអ្នកវិភាគ។ ដោយក្រមហ៊ុនលក់រាយទាំងនោះ​ បានប្រកាសពីការគំរាមកំហែងក្នុងការរកប្រាក់ចំណេញជាមួយផ្សារហ៊ុនហុងកុងសម្រាប់ពាក់កណ្តាលឆ្នាំ ២០១៩ ដោយសន្មត់ថាការលក់សរុបធ្លាក់ចុះ ការលក់រាយមានចំនួនតិចតួច រួមទាំងទីផ្សារមិនសូវល្អ។

នៅក្នុងនោះផងដែរក្រុមហ៊ុន Giordano International បានឲ្យដឹងថា ខ្លួនអាចនឹងរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញមិនទាន់ទទួលបានប្រហែល ៣៨% ដែលត្រូវរាប់បញ្ចូលក្នុងភាគហ៊ុនក្នុងឆមាសទី១ ឆ្នាំ ២០១៩ ខណៈដែលក្រុមហ៊ុន Bonjour បានឱ្យដឹងថាខ្លួនរំពឹងថានឹងខាតបង់ទាំងអស់ក្នុងរយៈពេលនេះ ដោយម្លៃតម្លៃហ៊ុនរបស់ Bonjour និង Giordano បានធ្លាក់ចុះ ១៩% ចាប់តាំងពីដើមឆ្នាំមកម្ល៉េះ។ បន្ថែមពីនេះ ក្រុមហ៊ុន Tsui Wah Holdings បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំឆ្នាំរហូតដល់ ៩៤% គិតត្រឹមថ្ងៃទី៣១ ខែមីនាឆ្នាំ ២០១៩ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលផ្សារទំនើប Aeon បានធ្លាក់ចុះ ៩.៥%។

លោក Kenny Wen អ្នកយុទ្ធសាស្រ្តគ្រប់គ្រងទ្រព្យសម្បត្តិនៅក្រុមហ៊ុន Everbright Sun Hung Kai បាននិយាយថា៖ «ចាប់តាំងពីដើមឆ្នាំមកសេដ្ឋកិច្ចរបស់ហុងកុងអាក្រក់ជាងការរំពឹងទុក ហើយនេះនឹងជះឥទ្ធិពលលើអារម្មណ៍របស់អតិថិជន និងអ្នកវិនិយោគិនរបស់ហុងកុងដែលកំពុងចាប់ផ្តើមបង្ហាញសញ្ញានៃភាពមិនច្បាស់លាស់នៅក្នុងខែនេះ ហើយកត្តាទាំងនោះមិនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងលទ្ធផលនៃត្រីមាសទី២ ដូច្នេះខ្ញុំគិតថានឹងមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងនៅឆមាសទីពីរក្នុងឆ្នាំ ២០១៩ នេះ។

លើសពីនេះទៅទៀតក្រុមហ៊ុនលក់រាយក៏បានបន្ទោសការអនុវត្តច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិកថ្មីនៅចិនផងដែរ ដែលបានធ្វើឱ្យប៉ះពាល់ដល់ “daigou” ឬ ការអនុវត្តជាទូទៅនៅចិនដីគោកក្នុងការទិញផលិតផលផ្សេងជំនួស និងស្តង់ដារគណនេយ្យថ្មីនៅហុងកុងកាលពីដើមឆ្នាំ ដែល ជាផលប៉ះពាល់ដ៏ធំមួយទៅលើការអនុវត្តហិរញ្ញវត្ថុរបស់ពួកគេ៕

អត្ថបទ៖ លីនី