ភ្នំពេញ៖ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩នេះ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួន និងបង្ក្រាបការនាំចូលសាច់ប្រាក់ផ្ទាល់តាមព្រលានយន្តហោះ ប្រមាណជាង៤លានដុល្លារ។ ក្រៅពីនេះ ទឹកប្រាក់ជិត ១០លានដុល្លារ ត្រូវបានរកឃើញថា ជាលុយកខ្វក់ តាមរយៈលំហូរចេញចូលនៃបច្ចេកវិទ្យា ឬ តាមរយៈធនាគារ។ គួរជម្រាបថាថ្មីៗនេះមន្រ្តីគយ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនជាតិចិន៣នាក់ ដោយសារនាំលុយចូលចំនួន៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ ហើយកន្លងមកបានចាប់ខ្លួនជនជាតិកូរ៉េ២នាក់ ជាមួយនឹង សាច់ប្រាក់នាំចូលខុសច្បាប់ ជាង២លានដុល្លារនៅព្រលានយន្តហោះខេត្តសៀមរាប។
កាលពីខែមេសា ឆ្នាំ២០១៩ តុលាការកម្ពុជាបានសម្រេចចោទប្រកាន់ជនជាតិចិន៣នាក់ពាក់ព័ន្ធនាំលុយជាង ៣លាន៥សែនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ក្រោមបទចោទ លាងសម្អាតប្រាក់ និងប្រឆាំងហិរញ្ញទាន។ ក្រោយមក នៅថ្ងៃទី០១ ខែមិថុនាឆ្នាំ២០១៩ដដែល តុលាការកម្ពុជាក៏បានឃុំខ្លួនបុរសជនជាតិចិនម្នាក់ ជាប់ពាក់ព័ន្ធករណីដឹកលុយជាង៨៥ម៉ឺនដុល្លារអាមេរិក ពីទីក្រុងហុងកុងចូលកម្ពុជាដោយខុសច្បាប់៕

អត្ថបទ៖ សុផល


