ព្រលានយន្តហោះតម្លៃជាង២ពាន់លានដុល្លារនៅកោះកុង នឹងបញ្ចប់ការសាងសង់ពាក់កណ្តាល ឆ្នាំ២០២០
សេដ្ឋកិច្ច July 19, 2019 Khmernote

ភ្នំពេញ៖ អាកាសយានដ្ឋាននៅតំបន់អភិវឌ្ឍន៍តារាសាគរខេត្តកោះកុង ដែលសាងសង់ក្នុងទំហំទឹកប្រាក់២,២ពាន់លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០២០ខាងមុខ។ ការហោះហើរសាកល្បងនឹងធ្វើឡើងនៅខែតុលា រីឯការហោះហើរផ្លូវការនៅខែធ្នូ ឆ្នាំ២០២០។ លោក WANG CHAO អនុប្រធានក្រុមហ៊ុន Union Development Group (UDG) បានមានប្រសាសន៍ថា “យើងគ្រោងសាងសង់ព្រលានយន្តហោះនេះឱ្យហើយស្ថាពរនៅខែឧសភាឆ្នាំ២០២០ ហើយនៅខែតុលាយើងនឹងធ្វើការហោះហើរសាកល្បង ជាពិសេសនៅខែធ្នូចុងឆ្នាំ២០២០យើងនឹងហោះហើរជាផ្លូវការតែម្ដង”។

អនុប្រធានក្រុមហ៊ុន UDG ឱ្យដឹងបន្តថា អាកាសយានដ្ឋាននៅជាប់សមុទ្រ និងភ្នំនេះ នឹងមានជើងយន្តហោះហើរត្រង់ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលអាចនឹងនាំភ្ញៀវទេសចរបរទេសកាន់តែច្រើនបន្ថែមទៀតមកឱ្យប្រទេសកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិនេះអាចទទួលភ្ញៀវ ៥លាននាក់ក្នុង១ឆ្នាំ។ អាកាសយានដ្ឋានប្រភេទ F4 នេះមានពីសម្រាប់ឡើង និងចុះចតប្រវែង៣,២០០ម៉ែត្រ នឹងអាចផ្ទុកយន្តហោះប្រមាណ៤០០គ្រឿង។

ក្នុងនោះយន្តហោះធុនធំប្រភេទ 777 ក៏អាចចុះចតបាន។ តែលោក WANGCHAO បានបញ្ជាក់ថា៖ មិនមានយន្តហោះចម្បាំងឬប្រភេទប្រដេញទេ គឺមានតែយន្តហោះពាណិជ្ជកម្មប៉ុណ្ណោះ។ សូមជម្រាបថា តំបន់អភិវឌ្ឍន៍តារាសាគរ របស់ក្រុមហ៊ុនUnion Development Group(UDG) ទទួលបានសិទ្ធវិនិយោគ ពីរាជរដ្ឋាភិបាលរយ:ពេល៩០ឆ្នាំ ក្នុងទំហំវិនិយោគទុនជាង៣ពាន់លានដុល្លារសហរដ្ឋអាម៉េរិក៕

អត្ថបទ៖ សុផល