ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមផលិតសាកល្បងនូវ AirPods ជំនាន់ថ្មីនៅវៀតណាម ហើយក៏ទំនងជានឹងរើរោចក្រចេញពីប្រទេសចិនឆាប់ៗ
សេដ្ឋកិច្ច July 18, 2019 Khmernote

បើយោងតាមការចុះផ្សាយរបស់ Nikkei Asian Review បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងចាប់ផ្តើមផលិតកាសស្តាប់ត្រចៀកឥតខ្សែ AirPods របស់ខ្លួនក្នុងពេលឆាប់ៗនេះនៅឯប្រទេសវៀតណាម ព្រោះដើម្បីកាត់បន្ថយការផលិតក្នុងប្រទេសចិន។ ក្នុងនោះផងដែរក្រុមហ៊ុនចិន GoerTek ដែលជាក្រុមហ៊ុនផលិតសំខាន់មួយឱ្យក្រុមហ៊ុន Apple ក៏នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងលើដំណើរការផលិតឧបករណ៍ AirPods ជំនាន់ថ្មី នៅឯរោងចក្រក្នុងភាគខាងជើងប្រទេសវៀតណាម។ នេះគឺជាលើកដំបូងហើយដែល AirPods ត្រូវបានផលិតនៅក្រៅប្រទេសចិន ចាប់តាំងពីការបង្ហាញខ្លួនដំបូងកាលពីឆ្នាំ 2016 ។

ក្រុមហ៊ុន Apple បានសរសេរទៅកាន់អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់របស់ខ្លួន ដោយស្នើពួកគេឱ្យគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ Goertek ទោះបីវាស្ថិតក្នុងដំណាក់កាលសាកល្បងដំបូង និងតិចតួចក៏ដោយ។ ក្រុមហ៊ុន GoerTek កាលពីខែតុលាឆ្នាំមុន ក៏បានស្នើសុំអ្នកផ្គត់ផ្គង់ទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងការផលិត AirPod របស់ខ្លួន ដើម្បីបញ្ជូនសម្ភារៈចាំបាច់ទាំងអស់ទៅប្រទេសវៀតណាម។ ហើយក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកដ៏ធំ ក៏បានជួលកន្លែងទំនេរមួយនៅឯសួនឧស្សាហកម្មភាគខាងជើងវៀតណាមផងដែរ៕

អត្ថបទ៖ លីដា