ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានសម្រេចធ្វើការសាងសង់ស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងមួយខ្សែ ដើម្បីជួយរំដោះបញ្ហាកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស និងផ្លូវព្រះនរោត្តម រដ្ឋបាលរាជធានីភ្នំពេញ។ គម្រោងស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងនេះ នឹងធ្វើការសាងសង់បន្ថែមពីលើស្ពានចាស់ដែលមានស្រាប់ ដោយធ្វើការភ្ជាប់ជាមួយចំណុចផ្លូវប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្ស និងផ្លូវ២៧១ ជាប់ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌចំការមន ហើយគ្រោងស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងមួយខ្សែនេះនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០១៩នេះ។
យោងតាមការបញ្ជាក់ពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា ស្ពានអាកាសក្បាលថ្នល់ថ្មីនេះមានប្រវែង៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ ស្ពាន ដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម៕
អត្ថបទ៖ សេម
រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ


