ការនាំចេញសិង្ហបុរីបានធ្លាក់ចុះរហូតដល់ពីរខ្ទង់លេខ ក្នុងរយៈពេល ៤ខែ ជាប់ៗគ្នា។ ដោយតួលេខកាលពីខែមិថុនាបង្ហាញថា ការនាំចេញគ្រឿងអេឡិចត្រូនិករបស់ប្រទេសនេះធ្លាក់ចុះរហូតដល់ ៣២% ។ នេះគឺជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីធ្លាក់ចុះការដឹកជញ្ជូន ៣៣.២% កាលពីខែកុម្ភៈ ឆ្នាំ២០១៣ ហើយវាក៏ជាការធ្លាក់ចុះលើសពីការព្យាករណ៍ទុកដោយមានការធ្លាក់ចុះ ៩.៦% ។ នេះបើយោងតាមការប៉ាន់ស្មាននៃការព្យាករណ៍នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ។
យោងតាមអ្នកវិភាគបានឱ្យដឹងថា តួលេខនៃការនាំចេញ និងទិន្នន័យកំណើនត្រីមាស ទី២ បានបង្កើនការរំពឹងទុកឱ្យមានការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ សម្រាប់ប្រទេសសិង្ហបុរីនៅចុងឆ្នាំនេះ។ អ្នកសេដ្ឋវិទូរបស់ធនាគារ Maybank បានថ្លែងក្នុងរបាយការណ៍មួយថា ដោយសារតែហានិភ័យនៃការធ្លាក់ចុះនាពេលបច្ចុប្បន្ន និងអតិផរណាស្នូល ពួកគេរំពឹងថា អាជ្ញាធររូបិយវត្ថុសិង្ហបុរីនឹងបន្ធូរបន្ថយតម្លៃប្រាក់ដុល្លាររបស់សិង្ហបុរីនៅខែតុលា។
ក្រុមអ្នកវិភាគនៅក្នុងវិស័យអេឡិចត្រូនិកបានព្រមានថា នៅក្នុងផ្នែកផលិតបន្ទះឈីប ពួកគេបានសង្កេតឃើញពីការវាយតម្លៃមិនល្អជាច្រើនពីក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនផលិតឧបករណ៍ ដែលធ្វើឱ្យមានការកាត់បន្ថយការលក់របស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ។ កូរ៉េខាងត្បូង និងតៃវ៉ាន់ក៏ទទួលរងគ្រោះពីបញ្ហានេះផងដែរ បើទោះបីជាប្រទេសសិង្ហបុរីហាក់ដូចជាមានការលំបាកជាងប្រទេសផ្សេងទៀតក៏ដោយ។ ការនាំចេញរបស់ប្រទេសសិង្ហបុរីទៅកាន់ទីផ្សារទាំង ១០ ធំៗ បានធ្លាក់ចុះនៅក្នុងខែមិថុនាលើកលែងតែអាមេរិក៕


អត្ថបទ៖ លីដា


