ថៃ៖ ចិនបានសម្រេចបោះទុនវិនិយោគបង្កើតរោងចក្រកែច្នៃទុរេនស្ងួត (ទុរេនកែច្នៃ និងវេចខ្ចប់ជាកញ្ចប់) នៅក្នុងក្រុង Songkhla ភាគខាងត្បូងប្រទេសថៃ សម្រាប់នាំចូលទៅលក់នៅក្នុងប្រទេសចិនដីគោក។ យោងតាមសារព័ត៌មានថៃបានឲ្យដឹងថា គម្រោងវិនិយោគនេះមានតម្លៃសរុបចំនួន ៧០០ លានបាត (២២,៧៦៥,០៥០ ដុល្លារអាមេរិក) ហើយគម្រោងនេះគឺជាការវិនិយោគរួមគ្នារវាងអ្នកវិនិយោគចិន និងថៃ។
បើយោងតាមលោក Yao Huang Xiao នាយកគ្រប់គ្រងរោចក្របានប្រាប់ឲ្យដឹងថា រោងចក្រមួយនេះនឹងជួយបង្កើតការងារចំនួន ១,២០០ កន្លែងសម្រាប់ប្រជាពលរដ្ឋថៃ ហើយរោកច្រកក៏បានជួយទិញទុរេនពីប្រជាកសិករក្នុងចំនួនប្រមាណជា ១២,០០០ តោនក្នុងមួយឆ្នាំផងដែរ។ នាយកគ្រប់គ្រងរោចក្រជនជាតិចិនរូបនេះបានបន្តថា ទុរេននៅក្នុងតំបន់ភាគខាងត្បូងប្រទេសថៃជាប្រភេទទុរេនល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ ដូចនេះហើយទើបរោងចក្រករបស់លោកត្រូវបានបង្កើតឡើងនៅក្នុងតំបន់នេះ ដើម្បីងាយស្រួលប្រមូលទិញផ្លែទុរេនពីប្រជាកសិករដែលនៅក្បែរៗនេះតែម្តង៕

អត្ថបទ៖ ភក្តី





