យោងតាមសមាគមអ្នកនាំចេញនិងផលិតអាហារសមុទ្រវៀតណាម (EVFTA) ពន្ធគយសម្រាប់ផលិតផលបង្គាត្រូវបានកាត់បន្ថយទៅតាមផែនទីបង្ហាញផ្លូវ រយៈពេល ៣-៥ឆ្នាំ ខណៈដែលផលិតផលបង្គាកែច្នៃនឹងមានការកាត់បន្ថយពន្ធរយៈពេល ៧ឆ្នាំ ដោយមិនរាប់បញ្ចូលទាំងត្រីធូណា និងប្រហិតត្រី ចំនួន ១១,៥០០តោន ។ ដោយ EVFTA បានព្យាករថា ខ្លួននឹងជួយដល់ការនាំចេញបង្គារបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប ឱ្យកើនឡើងពី ៤ ទៅ ៦ភាគរយ នៅឆ្នាំនេះ។
បច្ចុប្បន្នសហភាពអឺរ៉ុបនាំចូលបង្គាឆៅ និងបង្គាកែច្នៃពីប្រទេសវៀតណាម ដោយប្រព័ន្ធអនុគ្រោះពន្ធ (GSP) ពីចំនួន ៤.២% និង ៧% ។ ជាមួយនឹងពន្ធទាំងនោះ វៀតណាមទទួលអត្ថប្រយោជន៍លើប្រទេសប្រជែងពីរគឺថៃ និងចិន ដោយសារប្រទេសទាំងពីរនេះមិនមានសិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនោះទេ។ ក្នុងរយៈពេល ៥ខែ ដំបូងក្នុងឆ្នាំនេះ ការនាំចេញបង្គារបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបមានតម្លៃចំនួន ២៤៣.៤លានដុល្លារ ថយចុះពន្ធ ២៦.៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៨ ។
EVFTA ក៏ជួយឧបត្ថម្ភនាំចេញគ្រឿងសមុទ្ររបស់វៀតណាមឱ្យមានឱកាសច្រើនក្នុងការទទួលយកសេវាកម្មទាក់ទងទៅនឹងផលិតកម្មដូចជា៖ ការដឹកជញ្ជូន, ការធានារ៉ាប់រង និងហិរញ្ញវត្ថុ។ ដូច្នេះពួកគេអាចកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនការប្រកួតប្រជែង បើប្រៀបធៀបទៅនឹងអ្នកប្រកួតដែលមិនមានតំបន់ពាណិជ្ជកម្មសេរី (FTAs) ជាមួយសហភាពអឺរ៉ុបដូចជា ឥណ្ឌា ថៃ និងចិន។ ការនាំចេញក្នុងស្រុកក៏នឹងមានឱកាសចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅតំបន់អឺរ៉ុប ដែលអរគុណទៅដល់នយោបាយដើម្បីជំរុញការវិនិយោគនៃសាជីវកម្មពហុជាតិទៅកាន់ប្រទេសវៀតណាម។
ទោះបីជាយ៉ាងណាក៏ដោយនៅតែមានបញ្ហាប្រឈមជាច្រើនចំពោះវិស័យជលផលរបស់វៀតណាម នៅពេលដែលចូលរួមជាមួយ EVFTA ដូចជា៖ ឧបសគ្គផ្នែកបច្ចេកទេស ស្តង់ដារគុណភាព និងក្បួនច្បាប់នៃប្រភពដើម។ លើសពីនេះទៀតច្បាប់ការងារក្រោមកិច្ចព្រមព្រៀងនេះ នឹងត្រូវបានរឹតបន្ដឹងទាមទារឱ្យអាជីវកម្មក្នុងស្រុកសម្របខ្លួនទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង៕


អត្ថបទ៖ លីដា


