កំណើនសេដ្ឋកិច្ចនៅកម្ពុជា កាន់តែមានសន្ទុះខ្លាំងឡើងៗ ស្របពេលដែលវិស័យអចលទ្រព្យកំពុងរីកដូចផ្សិត មិនថានៅទីក្រុងភ្នំពេញ រឺតាមបណ្តាខេត្តនានានោះទេ។ អាគារធំៗខ្ពស់ៗជាច្រើនកំពុងបង្អួតរាងនៅតាមតំបន់សេដ្ឋកិច្ចនានា ហើយក្នុងនោះដែរតម្រូវការស៊ីម៉ងត៍ ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ការងារសាងសង់អាគារពាណិជ្ជកម្ម ខុនដូ និងលំនៅដ្ឋានផ្សេងៗក៏កាន់តែខ្ពស់ឡើងៗគួរអោយកត់សំគាល់។ ទោះបីជាតម្រូវការបញ្ជាទិញស៊ីម៉ង់ត៍ កាន់តែមានច្រើនឡើងៗក្តី ប៉ុន្តែកម្ពុជាយើងបានកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍ពីបរទេសបានប្រមាណ ១.៧លានតោនក្នុងមួយឆ្នាំ ដោយសារតែកម្ពុជា មានរោងចក្រផលិតស៊ីម៉ង់ត៍ដោយខ្លួនឯងបាន។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានមានប្រសាសន៍ឱ្យដឹងថា៖ “ក្រោយការបង្កើតរោងចក្រនៅទូកមាស ខេត្តកំពត កម្ពុជាអាចកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសប្រមាណ១.៧ លានតោនក្នុងមួយឆ្នាំហើយផលិតផលស៊ីម៉ង់ត៍អូដ្ឋកំពុងគ្រប់គ្រងចំណែកទីផ្សារ៣០ភាគរយ។”

លោកឧកញ៉ា លាង ម៉េង
គួរបញ្ជាក់ផងដែរថា រោងចក្រផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) នៅខេត្តកំពត ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំជាង ១១០ ហិកតា នៅភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស។ រោងចក្រនេះគឺជាការសហការវិនិយោគរវាងក្រុមហ៊ុនក្នុងស្រុកគឺ ក្រុមហ៊ុនជីបម៉ុង គ្រុប ដែលកាន់កាប់ភាគហ៊ុន ៦០ ភាគរយ និងក្រុមហ៊ុនស្យ៉ាម ស៊ីធី ស៊ីមេន របស់ថៃ ដែលមានភាគហ៊ុន ៤០ ភាគរយ ក្រោមទុនវិនិយោគសរុបចំនួន ២៦២ លានដុល្លារ៕
អត្ថបទ៖ សុផល
សម្រួលអត្ថបទដោយ៖ សុវណ្ណ


