ភ្នំពេញ៖ ដោយមើលឃើញពីសក្តានុពលវិស័យកែសម្ផស្សនៅកម្ពុជា អ្នកវិនិយោគទុនសាធារណរដ្ឋកូរ៉េ ចង់បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញកែសម្ផស្សស្របតាមស្តង់ដារប្រទេសកូរ៉េនៅរាជធានីភ្នំពេញ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ លោក Lee Sung Yeob តំណាងសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា៖ វិនិយោគិនសាធារណរដ្ឋកូរ៉េចង់វិនិយោគលើការបង្កើតមជ្ឈមណ្ឌលស្ដង់ដារជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា ដើម្បីផ្ដល់ការអប់រំបណ្ដុះបណ្ដាលជំនាញកែសម្ផស្សដល់យុវជនប្រកបដោយគុណភាពប្រសិទ្ធភាព ពិសេសគឺសុវត្ថិភាពដល់អតិថិជននៅកម្ពុជា និងក្នុងតំបន់ផងដែរ។
លោកបានលើកឡើងថា គម្រោងចង់មកវិនិយោគនៅកម្ពុជានេះ ដោយមើលឃើញពីសក្ដានុពលលើវិស័យសម្ផស្សនៅកម្ពុជា កំពុងមានភាពផុសផុល ដែលអាចបង្កើតនូវកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិលើវិស័យនេះ។ លោក អ៊ិត សំហេង បានបង្ហាញការស្វាគមន៍ និងគាំទ្រគម្រោង នៃការបង្កើតមជ្ឈមណ្ឌលនេះ តាមរយៈធានាផ្ដល់អាជ្ញាបណ្ណមួយជូនមជ្ឈមណ្ឌលដើម្បីប្រតិបត្តិការការងារដោយស្របច្បាប់នៅកម្ពុជា។
លោកបានបន្ថែមថា ការបើកដំណើរការមជ្ឈមណ្ឌលស្ដង់ដារជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជានឹងឆ្លើយតបនឹងតម្រូវការទីផ្សារសេវាកម្មកែសម្ផស្សនាពេលបច្ចុប្បន្ន ខណៈដែលសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរីកចម្រើន កំណើនជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារ ដូច្នេះការស្វែងរកសេវាកម្មកែសម្ផស្សក៏ចេះតែមានតម្រូវការជាលំដាប់ផងដែរ៕
អត្ថបទ៖ សុផល


